នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ នាវាកងទ័ពជើងទឹកភូមិន្ទអង់គ្លេសដ៏ទំនើបមួយគ្រឿង ឈ្មោះ HMS TAMAR (P233) បានចូលសំចតដោយសុវត្ថិភាពនៅផែលេខ២ នៃមូលដ្ឋានសមុទ្ររាម ដើម្បីបំពេញបេសកកម្មទស្សនកិច្ចផ្លូវការ និងរឹតចំណងមិត្តភាពរយៈពេល ៨ថ្ងៃ នៅព្រះរាជាណាកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម រួមជាមួយនាយនាវី និងពលនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានរបស់នាវា HMS TAMAR (P233) ដែលដឹកនាំដោយលោកវរនាវីទោ Tom Lindsey RN មេបញ្ជាការនាវា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងយោធា និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

នាវាចម្បាំងដ៏មានឥទ្ធិពល HMS TAMAR (P233) នេះ មានទម្ងន់ផ្ទុក ២០០០តោន បណ្ដោល ៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ កម្ពស់ ៣៣ម៉ែត្រ និងមានល្បឿនលឿនរហូតដល់ ២៤knots។ នាវានេះស្ថិតក្រោមការបញ្ជាផ្ទាល់ដោយ លោកវរនាវីទោ Tom Lindsey RN។
ក្នុងកំឡុងពេលស្នាក់នៅកម្ពុជារយៈពេល ៨ថ្ងៃនេះ គណៈប្រតិភូនាវាកងទ័ពជើងទឹកអង់គ្លេស គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា ក៏ដូចជាចូលរួមក្នុងសកម្មភាពរួមគ្នាផ្សេងៗ ដើម្បីបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។






