ឯកអគ្គរាជទូតកាតាមានបំណងជំរុញវិនិយោគិនកាតាមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូតកាតាមានបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្មនៅកម្ពុជា។ការបង្ហាញពីបំណងរបស់ឯកអគ្គរាជទូតក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យលោក Khalid Ali Abdullah Abel ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតា ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថាក្នុងអាណត្តិការទូតនៅកម្ពុជា លោកប្តេជ្ញា ជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

លើសពីនេះ លោកក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីគោលបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្មផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយសម្តេចធិបតី បានគូសបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ ឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:៕