លោក លីម សុធារ៉ា កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប បាននាំភរិយា លោកស្រី ឃួង ស៊ីណាម៉ាឡែន ទៅទស្សនាការប្រកួតបាល់ទាត់ដ៏ធំរវាងក្រុម FC Barcelona ទល់នឹងក្រុម Real Madrid នៅកីឡដ្ឋាន Lluís Companys Olympic Stadium ប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

នេះមិនមែនជាលើកទី១នោះទេ ដែលមានជនជាតិខ្មែរ អញ្ជើញទៅទស្សនាផ្ទាល់ក្រុមបាល់ទាត់ល្បីៗនៅលីគកំពូលអឺរ៉ុប ប៉ុន្តែលើកនេះពិសេសត្រង់ថា លោក លីម សុធារ៉ា បានជួបថតរូបជាមួយកីឡាករ Real Madrid ទៀតផង។ តាមការបង្ហោះរូបភាពក្នុង Story IG របស់ខ្លួន គេឃើញលោក លីម សុធារ៉ា បានថតរូបជាមួយ Roberto Carlos ដែលជាវីរបុរសរបស់ក្រុម Real Madrid ព្រមទាំងបានថតជាមួយខ្សែបម្រើ Arda Güler និងកំពូលខ្សែការពារ Raul Asencio ផងដែរ។
ការប្រកួត El Clasico រវាង FC Barcelona ទល់នឹងក្រុម Real Madrid កាលពីយប់មិញនេះ ត្រូវបានគេចាត់ទុកថាជាការប្រកួតដ៏ធំជក់ចិត្តមួយ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់ស្ទើរតែគ្រប់រូប តាមដានទស្សនានៅជុំវិញពិភពលោក។ ជាក់ស្តែង លទ្ធផលប្រកួតរវាងក្រុមទាំងពីរ មានគ្រាប់បាល់ស៊ុតគ្នាជាច្រើនគ្រាប់ ដោយចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Barcelona បានយកឈ្នះលើ Real Madrid ក្នុងលទ្ធផល ៤-៣។
សូមជម្រាបថា លោក លីម សុធារ៉ា គឺជាកូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងលោកស្រី ថុង ធីតា។ លោក លីម សុធារ៉ា ទើបរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ឃួង ស៊ីណាម៉ាឡែន ជាកូនស្រីរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ៕






