អ្នកឧកញ៉ា លី ហួរ ហៅអ្នកជំនួញមកជួបដោះស្រាយបញ្ហាប្រឈមរួមក្នុងវិស័យសំណង់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកកិច្ចប្រជុំវិសាមញ្ញពិភាក្សាអំពីបញ្ហាសំណង់នៅកម្ពុជា ដើម្បីឆ្លើយតប និងស្វែងរកដំណោះស្រាយរួម ក្នុងការជួយសម្របសម្រួលបញ្ហាប្រឈមនានា ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសំណង់បុរីរបស់សមាជិក-សមាជិកា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំវិសាមញ្ញនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករក្នុងវិស័យសំណង់ជាច្រើនរូប។ នៅអាណត្តិទី៣ ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី ហួរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបន្តខិតខំប្រឹងប្រែងកសាងសមិទ្ធផលធំៗជាច្រើន ប្រកបដោយឧត្តមប្រយោជន៍ជូនសមាជិក-សមាជិកា សមាគមគ្រប់កាលៈទេសៈ ក្នុងស្ថានភាពលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ជាឧបសគ្គដ៏ធំនៃវឌ្ឍនភាពរបស់វិស័យ សំណង់ និងអចលនទ្រព្យ ដែលធ្វើឲ្យវិស័យនេះជួបប្រទះបញ្ហាប្រឈម ការធ្លាក់ចុះជាគំហុក។ 

ទន្ទឹមនឹងនោះដែរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា អគ្គនាយដ្ឋានពន្ធដារ និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអចលនទ្រព្យ និងបញ្ចាំ និយ័តករបរធនបាល អគ្គិសនីកម្ពុជា រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្រោមយន្តការប្រែក្លាយវិបត្តិនេះទៅជា កាលានុវត្តភាព និងស្តារវិស័យសំណង់ និងអចលនទ្រព្យឡើងវិញ។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបន្តអនុវត្តការងារយ៉ាងសកម្ម ស្របតាមទស្សនវិស័យរួមរបស់សមាគម និងសេចក្តីត្រូវការរបស់សមាជិក-សមាជិកា។ ការបន្តគាំទ្រ និង ការលើកទឹកចិត្ត របស់ សមាជិក-សមាជិកាសមាគម បានជម្រុញឲ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើន មួយកម្រិត។

គួរ​បញ្ជាក់​ថា សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០១៦។ ការបង្កើតនេះមាន​សុទ្ធតែ​ឧកញ៉ា​លោក​ជំទាវ​គ្រាក់ៗ ធ្វើ​ជា​ថ្នាក់​ដឹក​ ក្នុង​នោះ អ្នកឧកញ៉ា លី ហួរ ​ម្ចាស់​បុរីវិមានភ្នំពេញ ជា​ប្រធាន​សមាគម និង​​អនុប្រធាន៧រូបទៀត​ ដែល​សុទ្ធតែ​ជា​ប្រធាន​បុរីនិង​ផ្ទះ​ល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជា​ដើម៕