នាពេលឆាប់ខាងមុខនេះ ខេត្តចំនួន៥ របស់កម្ពុជា នឹងទទួលបានគម្រោងវិនិយោគ ក្នុងតម្លៃ ៣១៨លានដុល្លា ជាមួយនឹងឱកាសការងារបានរហូតជាង ៧ ពាន់កន្លែងផងដែរ។នេះបើយោងតាមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៧ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១គម្រោង កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងបន្ថែមថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣១៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង។
គម្រោងខាងលើ គឺមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោងរួមមាន៖ (ផលិតឧបករណ៍ហ្គេម, ផលិតសម្ភារៈពីប្លាស្ទិកនិងលោហធាតុ, សម្ភារៈសម្រាប់សម្អាតនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារៈជាង សម្ភារៈផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំ (ពីលោហៈ), ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារៈលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿងបន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ខារ និងជ្រលក់ពណ៌អំបោះ, ផលិតសម្ភារៈសម្រាប់បន្ទប់ទឹកនិងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។
សូមជម្រាបថា គម្រោងវិនិយោគខាងលើនេះ នឹងគ្រោងបោះទីតាំងនៅខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ៕ អត្ថបទ៖ ហ្សាលីន

