ឯកឧត្ដម វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ជាមួយនឹងក្រុមការងារមន្ត្រីស្ថានទូត កាលពីពេលថ្មីៗនេះ បានចុះទស្សនកិច្ចសហគមន៍ចម្ការស្តេចទុរេន នៅស្រុកឈូក ខេត្តកំពត ដើម្បីស្វែងយល់ពីលក្ខណៈពិសេស ប្រភេទទុរេនខ្មែរ ការដាំដុះ ថែទាំ ប្រមូលផល ទុកដាក់ និងចែកចាយទុរេនតាមរបៀបខ្មែរ។

តាមការបញ្ជាក់ពីសហគមន៍ចម្ការស្តេចទុរេន កាលពីថ្ងៃទី១៥ ខែឧសភា បានឱ្យដឹងថា ក្នុងឱកាសមហាកិត្តិយសនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម វ៉ាង វិនពិន សហគមន៍បានសម្រិតសម្រាំងទុរេនខ្មែរ ៣ប្រភេទ ជូនឯកឧត្តម និងក្រុមការងារ បានស្គាល់ និងសាកល្បងរសជាតិ៖ ១.ទុរេនឪខាក់ កំពត, ២.ទុរេនម៉នថង (ពូជល្បីថៃដាំដុះនៅកម្ពុជា) និង ៣.ទុរេនម៉ូសានឃីង (ពូជល្បីម៉ាឡេសស៊ី ដាំដុះនៅកម្ពុជា)។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានចំណាប់អារម្មណ៍ និងឱ្យតម្លៃខ្ពស់ចំពោះទុរេនឪខាក់ (កំពត) ក្រោយបានស្វែងយល់ពីលក្ខណះ៥យ៉ាង៖ ពូជ (Seed), ដី (Soil) ទឹក (Water) បរិយាកាស (Climate) និងរបៀបនៃការដាំដុះ (Farming method) របស់ប្រជាកសិករខ្មែរ ដែលផ្តោតលើគុណភាព និងសុវត្ថិភាព។ យ៉ាងណាមិញ ទុរេនម៉នថង ជាពិសេសទុរេនម៉ូសានឃីង ដែលដាំដុះនៅកម្ពុជាក៏មានរសជាតិឆ្ងាញ់មិនធម្មតាផងដែរ។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត សន្យាថានឹងជួយផ្សព្វផ្សាយទុរេនខ្មែរ ទៅកាន់ទីផ្សារប្រទេសចិន ទាក់ទាញការវិនិយោគការដាំដុះ កែឆ្នៃផលិតផលកសិកម្មខ្មែរ ជាពិសេសដំណាំទុរេន និងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យយើងជាសហគ្រិន និងប្រជាជនខ្មែរជឿជាក់លើរដ្ឋាភិបាលកម្ពុជាចិន ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចដ៏ល្អនាពេលខាងមុខ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ប្រកបដោយនិរន្តភាព ក៏ដូចជាឆ្លងកាត់ការលំបាកជាមួយគ្នា នៅចំពោះអស្ថេរភាពនៃសំពាធពាណិជ្ជកម្មអន្តជាតិ។
សូមជម្រាបថា ទុរេនខ្មែរ ត្រូវបានគេយល់ថាជាទុរេនដាំដុះបែបធម្មជាតិ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ ខណៈដែលធុរេនប្រទេសជិតខាង មានតម្លៃធូរថ្លៃជាង ប៉ុន្តែពុំសូវមានគុណភាពនោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាង ដែលប្រើប្រាស់សារធាតុគីមី ឬខូចគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជន៕






