អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានផ្តែផ្តាំកូនចៅខ្មែរជំនាន់ក្រោយ កុំនាំចេញជ័រកៅស៊ូឆៅ ដែលជាវត្ថុធាតុដើមដ៏មានតម្លៃ ទៅក្រៅប្រទេស ព្រោះវាធ្វើឱ្យខាតបង់កម្លាំងពលកម្ម បាត់បង់ប្រាក់ចំណូលពន្ធជូនរដ្ឋ និងបាត់បង់អត្តសញ្ញាណជាតិខ្មែរថែមទៀត។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពពីអតីតកាល ដោយរៀបរាប់ថា នេះគឺជារូបភាពខ្លះដែលលោកបានរក្សាទុក ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។ ក្រោយចប់សង្គ្រាម លោកបានចូលរួមចំណែកយ៉ាងសកម្មបំផុត ដើម្បីអភិវឌ្ឍន៍ស្តារឡើងវិញលើវិស័យចំការកៅស៊ូ និងរោងចក្រកែច្នៃ។ សង្គ្រាមបានបំផ្លិចបំផ្លាញទាំងអស់នូវរោងចក្រកែច្នៃ រួមទាំងចំការកៅស៊ូអស់មួយចំនួនផងដែរ នៅពេលនោះដោយសារតែកម្ពុជាយើងមិនមានរោងចក្រកែច្នៃ ទើបបង្ខំចិត្តនាំចេញជ័រកៅស៊ូឆៅគ្រប់ប្រភេទទៅបរទេស។
អ្នកឧកញ៉ា បានបន្តថា នៅឆ្នាំ១៩៩៥ លោកបានបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃជ័រស្ងួត២តោនក្នុង១ម៉ោង ចំការកៅស៊ូជប់ ហើយឆ្នាំ១៩៩៦ សាងសង់រោងចក្រកែច្នៃជ័រស្ងួត ២តោនក្នុង១ម៉ោងរ ចំការកៅស៊ូក្រែក និងឆ្នាំ១៩៩៨ សាងសង់រោងចក្រកែច្នៃជ័រស្ងួត២តោនក្នុង១ម៉ោង ចំកៅស៊ូបឹងកេត ព្រមទាំងបានជួយផ្តល់ប្រាក់កម្ចីមួយចំនួន ក្រោយព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍រោងចក្រចំការកៅស៊ូពាមជាំង ចំការអណ្តូងផងដែរ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមបែបនេះថា៖ “អ្វីដែលខ្ញុំចង់រំលឹកឡើងវិញនាពេលនេះ គឺដើម្បីដាស់តឿនសតិសម្បជញ្ញៈ កូនចៅជំនាន់ក្រោយៗកុំឱ្យចង់នាំចេញជ័រកៅស៊ូឆៅ ដែលជាវត្ថុធាតុដើមដ៏មានតម្លៃបំផុតរបស់ជាតិយើង។ ដោយសារតែនៅពេលបច្ចុប្បន្ននេះ យើងមានសុខសន្តិភាពនៅពេញលើផ្ទៃប្រទេស ព្រមទាំងមានរោងចក្រកែច្នៃកៅស៊ូក្រែបច្រើនឥតគណនា។ បើយើងនាំចេញវត្ថុធាតុដើមទៅបរទេស យើងត្រូវបាត់បង់កម្លាំងពលកម្ម បាត់បង់ប្រាក់ចំណូលពន្ធជូនរដ្ឋ រឿងដែលសំខាន់មួយទៀតនោះគឺបាត់បង់អត្តសញ្ញាណជាតិយើង។ បើយើងកែច្នៃទៅជាជ័រកៅស៊ូស្ងួតនៅក្នុងប្រទេសយើងនោះគឺ ស្លាកសញ្ញា CSR L CSR 5 CSR 10 CSR 20 CSR- Cambodian Standard Rubber (ស្តង់ដារកៅស៊ូកម្ពុជា) តែបើយើងនាំចេញជ័រកៅស៊ូឆៅទៅបរទេសនោះ យើងមិនអាចដាក់ស្លាកសញ្ញាសំគាល់បានទេ”។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារអាម៉េរិក ពីការលក់ផលិតផលកៅស៊ូ កើនជាង៣៦% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន ៦៦៦ ២៥៦ ៧៩៩ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ៕






