ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៥៖ ក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយរហូតជិត៩០០ ករណី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងព័ត៌មាន បានធ្វើការអំពាវនាវជាថ្មីឱ្យសាធារណជនបន្តយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយជិត៩០០ ករណីត្រូវបានកត់ត្រានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៥។នេះបើយោងតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទេព អស្នារិទ្ធ បានបន្តថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងនៅបន្តកត់ត្រាអំពីករណីនៃព័ត៌មានក្លែងក្លាយបានជាបន្តបន្ទាប់ ជាក់ស្តែងបើគិតនៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ ករណី។

នៅក្នុងស្ថានភាពបែបនេះ អ្នកនាំពាក្យរូបនេះ ក៏បានជំរុញដល់យុវជន ​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើតការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និង​គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយគឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឱ្យមានអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិយភាពនៅក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្ក ព្យសនកម្ម និង​មហន្តរាយដែលមិនអាចនឹកស្មានដល់។

គួររំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃទី ០១ ខែមេសា​ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយមកនូវកម្រិតអប្បបរមា និងឈានទៅលុបបំបាត់នូវព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន