គម្រោង​វិនិយោគ​ ៤​ រដ្ឋ​បាន​អនុម័ត​ ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ ២១,៩ លាន​ដុល្លារ​អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​គម្រោង​វិនិយោគ ៤ បន្ថែម​ទៀត​​ ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២១,៩ លាន​ដុល្លារ​អាមេរិក និង បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៦ ៣៨០ កន្លែង​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC នា​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ពីគម្រោង​វិនិយោគ​ចំនួន ៤ ​របស់​ក្រុម​ហ៊ុន​នោះ​រួម​មាន៖

១.“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​ បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្ត​តាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និង​អាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។

២.“AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១១៧កន្លែង។

៣.“SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។

៤.“XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្ត​កំពង់​ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង។

គួររម្លឹកបន្តិចថា នៅ​ក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់​លាន​ដុល្លារ​អាមេរិក៕

​​