ព្រះមហាក្សត្រ ជឿថាចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សំដៅជំរុញកិច្ចសហប្រតិ្តបត្តិការទំនាក់ទំនង់កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលបែបនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិតជូន លោក ស៊ី ជិនពីង ( Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមព្រះរាជលិខិតដដែល ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា​ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងពរសព្ទសាធុការ សូមមានសុភមង្គល ជោគជ័យ និងវិបុលភាពជូនចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះ ប្រជាជនចិនទាំងអស់ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទ្រង់មានព្រះរាជបន្ទូលទៀតថា៖« ប្រវត្តិសាស្ត្រដ៏យូរលង់នៃមិត្តភាពជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងពូនជំ ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជា ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ»។

ជាងនេះទៀតទ្រង់មានព្រះរាជបន្ទូលបន្ថែមទៀតថា៖« ចំណងមិត្តភាពដ៏ល្អប្រសើររបស់ពួកយើង ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០១០ និងសហគមន៍វាសនារួម ក្នុងឆ្នាំ២០១៩ និងបានវិវឌ្ឍទៅជាមិត្តភាព ដែកថែប ដោយផ្អែកលើគោលការណ៍ នៃការជឿជាក់ផ្នែកនយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ»។

បន្ថែមពីនេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលទៀតថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែងរបស់យើង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។


ជាងនេះទៀត ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្ត យ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ។ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នាជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក”៕

អត្ថបទ៖ ពិសី