ភ្នំពេញ៖ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន១,១៨២,៦៥៨ ដុល្លារអាមេរិកដល់អង្គការចំនួនពីរដែលធ្វើការលើវិស័យអប់រំ។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានារសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥នៅស្ថានទូតជប៉ុន ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី យូណេម៉ាយ៉ា ហារុកា ប្រធានអង្គការបេះដូងមាសប្រចាំអាស៊ីអាគ្នេយ៍និងលោក ស្រី សាកាន នាយកប្រចាំប្រទេសនៃអង្គការកុមារឥតព្រំដែន។
ថវិកាចំនួន ៦១៨,០៨៦ ដុល្លារអាមេរិក បានត្រូវផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)សម្រាប់គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣)។

នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អ ប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា ដូចជា បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុងការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខ នៅក្នុងវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោង នេះមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពស្របតាម”ស្តង់ដាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)” នៅក្នុងប្រទេសកម្ពុជា។
ចំណែកថវិកាចំនួន ៥៦៤,៥៧២ ដុល្លារអាមេរិក ផ្តល់ជូនអង្គការកុមារឥតព្រំដែនសម្រាប់ជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នុងគម្រោងនេះ អង្គការកុមារឥតព្រំដែន នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការ លំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទីមួយ និងទីពីរនៃ គម្រោងនេះមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនបីត្រូវបានសាងសង់។សម្រាប់ឆ្នាំទីបីមជ្ឈមណ្ឌល សិក្សាពេញមួយជីវិតថ្មីចំនួនពីរ នឹងត្រូវបានសាងសង់ និងបំពាក់ដោយសម្ភារៈសិក្សា។ តាមរយៈការផ្តល់ថ្នាក់ អប់រំសមមូល និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់កុមារ និងយុវជនពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត៕



