អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសថ្កោលទោសចំពោះសកម្មភាពរបស់ទាហានថៃ ដែលបង្កហិង្សាលើពលរដ្ឋខ្មែរនិងព្រះសង្ឃ នៅភូមិព្រៃចាន់

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥  ចាប់ពីវេលាម៉ោង៣:៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃដែលប្រដាប់ដោយដំបងនិងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសារជាថ្មីទៀត នៅក្នុងភូមិសាស្រ្ដ ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីរបស់ប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋដែលនៅទីនោះបានរារាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសចេញវិញ។ សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរដែលធ្វើឱ្យពួកគេហៀទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេងដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរដោយបានប្រើប្រាស់ឧបករណ៍បង្រ្កាប និងបាញ់ជំពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្ដាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃយ៉ាងតិច២៤អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។

លោក ប៉ែន បូណា បញ្ជាក់ថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងការពារប្រចាំនៅតំបន់នោះក៏មានវត្ដមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួនបំផុតនៅកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្ដរជាតិ។ សមត្ថកិច្ច និងអាជ្ញាធរខេត្ដបន្ទាយមានជ័យ បានជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានរងរបួស និងបានបញ្ជូនរថយន្ដសង្រ្គោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីពេទ្យ។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចកិច្ចថៃមកលើប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និងកិច្ចប្រជុំ RBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុច២ មាត្រា៤ នៃMOU​ 2000 និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្ដរជាតិជាធរមាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្ដរជាតិ។ និងអំពាវនាវដោយទទូចឱ្យភាគីថៃគោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នា ដើម្បីបញ្ចៀសការប៉ះទង្គិច និងការផ្ទុះអាវុធសារជាថ្មី៕