សហរដ្ឋអាមេរិក បានទទួលយកជាផ្លូវការហើយនូវអំណាយរបស់ប្រទេសកាតា ដែលជាយន្តហោះ Boeing 747 ដ៏ប្រណីត ដោយកងទ័ពអាកាសអាមេរិក បានស្នើសុំឲ្យប្តូរយន្តហោះនេះ ទៅជា Air Force One សម្រាប់ដឹកប្រធានាធិបតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃទី២១ ខែឧសភាថា៖” រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានទទួលយកយន្តហោះ Boeing 747 ពីប្រទេសកាតា ដោយស្របច្បាប់ និងគោរពតាមបទប្បញ្ញត្តិរបស់សហព័ន្ធទាំងអស់។ អំណោយនេះ នឹងត្រូវយកទៅកែកុន និងបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ៗបន្ថែម មុនពេលយកទៅប្រើជាយន្តហោះបណ្តោះអាសន្នសម្រាប់ដឹកជញ្ជូនប្រធានាធិបតីសហរដ្ឋអាមេរិក”។
រំឭកផងដែរថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកពីមុនបានរាយការណ៍ថាគ្រួសាររាជវង្សកាតាគ្រោងនឹងផ្ទេរទៅឲ្យរដ្ឋបាល លោក ត្រាំ នូវយន្តហោះ Boeing 747-8 ដ៏ប្រណីតមួយ ឲ្យឈ្មោះថា “រាជវាំងលើអាកាស” ហើយបានសង្កត់ធ្ងន់ថានេះអាចជាអំណោយដ៏ថ្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនធ្លាប់ទទួលបានពីមុនមក។ យន្តហោះ Boeing 747-8 បច្ចុប្បន្នមានតម្លៃប្រហែល ៤០០លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបាននិយាយថា តើការកែប្រែយន្តហោះ Boeing 747-8 ដ៏ប្រណីតនេះ ឲ្យទៅជា Air Force One សម្រាប់ដឹកប្រធានាធិបតីអាមេរិក នឹងត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មាន ឬត្រូវចំណាយពេលប៉ុន្មាននោះទេ។
យ៉ាងណាមិញ ជុំវិញការទទួលបានអំណោយយន្តហោះនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យពីររូប គឺលោក Mazie Hirono និង Tammy Duckworth ដែលបាននិយាយថា ការកែកុនយន្តហោះនេះ អាចត្រូវចំណាយអស់ជាង ១ពាន់លានដុល្លារ ហើយវានិងអាចបង្កហានិភ័យសន្តិសុខយ៉ាងធ្ងន់ធ្ងរ។ យោងតាមលោក Duckworth បច្ចុប្បន្នអាមេរិកមានយន្តហោះ Air Force One ចំនួនពីររួចស្រាប់ទៅហើយ នៅក្នុងប្រតិបត្តិការ ដូច្នេះមិនត្រូវចាំបាច់កែកុនយន្តហោះរបស់កាតាទៀតនោះទេ។
ប៉ុន្តែតែទោះជាយ៉ាងក៏ដោយ លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា “មានតែមនុស្សល្ងង់” ប៉ុណ្ណោះដែលបដិសេធមិនទទួលយកយន្តហោះពីកាតា។ ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីកាតា ក៏បានលើកឡើងថាយន្តហោះនេះ មិនមែនអំណោយផ្ទាល់ខ្លួនដល់លោក ត្រាំ នោះឡើយ តែវាជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល៕

