សម្តេចធិបតី ស្វាគមន៍អ្នកវិនិយោគទាំងចិន អាមេរិក និងប្រទេសដទៃ ដើម្បីជំរុញចរន្តសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កម្ពុជាស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត ដើម្បីជំរុញកំណើនចរន្តសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចបន្តថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។

សម្តេចបញ្ជាក់ដូច្នេះថា៖«កម្ពុជា គ្មានជម្រើសរើសអ្នកណា យកអ្នកណានោះឡើយ គឺកម្ពុជាស្វាគមន៍ទាំងអស់ មិនថា ចិន អាម៉េរិក ឬអឺរ៉ុប ពោលគឺ«កម្ពុជា យកទាំងស្ពៃ ទាំងសាច់គោ យកទាំងបន្លែ ផ្លែឈើ ដើម្បីទទួលបានជីវជាតិចម្រុះ»ហេតុនេះកម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត»។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ដើម្បីឆ្លើយតបចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសនោះ រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាបង្កើនការទាក់ទាញអ្នកវិនិយោគបរទេស ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ៕ អត្ថបទ៖ ហ្សាលីន