ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី ទាវ ប៊ុនចិន្ដា ជា «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ទាវ ប៊ុនចិន្ដា ជាអនុប្រធានមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌កម្ពុជាចិន KH-CHN និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំ ត្រពាំងព្រីង ស្រុក តំបែរ ខេត្ត ត្បូងឃ្មុំ។ លោកស្រី ជាសប្បុរសជនមួយរូបដែលតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាហូរហែ។ ជាក់ស្តែង កាលពីដើមខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី ក៏បានបរិច្ចាគថវិកាចំនួន ២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ផងដែរ៕




