ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ជូនដល់កងទ័ពជួរមុខភូមិភាគ៤ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ពិធីប្រគល់ថវិកាឧបត្ថម្ភជូនដល់កងទ័ពនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមជាមួយ ឯកឧត្តម លឹម ហួរ និងឯកឧត្តម ហួន គីមខៃ ជាតំណាងឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ។ ថវិកាទាំងនេះ នឹងប្រើប្រាស់ ដើម្បីចាត់ចែងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់វរកងទ័ពនៅជួរមុខ កំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តចូលរួមចំណែករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ តាមរយៈ ឯកឧត្តម លឹម ហួរ និងឯកឧត្តម ហួន គីមខៃ តំណាងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដោយចាត់ទុកថាកាយវិការ និងទឹកចិត្តដ៏សប្បុរសជាសកម្មភាពចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញឱ្យឃើញថាខ្មែរបានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី និងប្រឆាំងដាច់ខាតចំពោះសត្រូវឈ្លានពានទឹកដី។
សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ ផងដែរ៕









