គណៈប្រតិភូធុរកិច្ច សហភាពអារ៉ាប់រួមនឹងមកកម្ពុជាចុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសវិនិយោគ និងបើកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចនៃសហភាពអារ៉ាប់រួម នឹងមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំ កម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសជួបពិភាក្សាជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជធានី ភ្នំពេញ។

ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា នឹងមានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរវាងប្រទេសទាំងពីរចាប់ពីខែមិថុនាខាងមុខទៅ។

លោក Aldhaheri បានលើកឡើងថា៖ “យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ហើយយើងនឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ។”

ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ហែម វណ្ណឌី លោកឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

លោក ហែម វណ្ណឌី បានស្វាគមចំពោះវឌ្ឍភាពនៃកិច្ចសហការកន្លងមកនិងបានកោតសរសើរសហភាពអារ៉ាប់រួមដែលសន្យាផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សាជំនាញវិទ្យាសាស្ត្រ។

លោករដ្ឋមន្ត្រី បានលើកឡើងថា៖ “ការអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យាជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ។”

លោកបានបន្ថែមថា៖ “កម្ពុជាក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហូបនីយកម្ម និងបរិវត្តកម្មឌីជីថល ហើយយើងបើកចំហចំពោះកិច្ចសហការជាមួយសហភាពអារ៉ាប់រួម លើការវិនិយោគ នវានុវត្តន៍ និងឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។”

លោក ហែម វណ្ណឌី ក៏បានស្នើឱ្យសហភាពអារ៉ាប់រួម អញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន មកចូលរួម និងចែករំលែកបទពិសោធន៍ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ដែលគ្រោងរៀបចំក្នុងខែមីនា ឆ្នាំ២០២៦ ផងដែរ៕