ក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលរាយការណ៍ព័ត៌មានអំពីកុមារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងព័ត៌មាន បានស្នើអ្នកសារព័ត៌មានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលរាយការណ៍ព័ត៌មានពី កុមារ សំដៅធានាការលើកកម្ពស់សុវត្ថិភាពកុមារ យុវវ័យ និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ នេះបើតាមប្រសាសន៍ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី​ «ការរក្សាសុវត្ថិភាពកុមារ យុវជន និងស្រ្តីវ័យជំទង់ក្នុងវិស័យសារព័ត៌មាន» នាថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ពាក់ព័ន្ធនឹងការពារកុមារ គេរកឃើញមានភាពខ្វះចន្លោះផ្នែកបទបញ្ញត្តិជាក់លាក់នៅទូទាំងអាស៊ាន, បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់៖ សមត្ថភាពជំនាញ ការសម្របសម្រួលជាមួយតួអង្គនានា យន្តការហិរញ្ញវត្ថុ ក្នុងចំណោមកត្តាផ្សេងទៀត។

ងាកមកការរាយការណ៍របស់អ្នកសារព័ត៌មានវិញ លោកថា តួនាទីរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ ការទទួលខុសត្រូវខ្ពស់ ជាអ្នកផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៖ ព័ត៌មាន ពុទ្ធិ ការអប់រំ។លោកថា អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ។

បន្ថែមពីនេះ លោកបញ្ជាក់ថា៖«អ្នកសារព័ត៌មានតែម្នាក់មិនទាន់គ្រប់គ្រាន់ដើម្បីអាចធានាបាននូវក្រមសីលធម៌សារព័ត៌មានសម្រាប់កុមារ យុវវ័យទេ គឺត្រូវមានតួនាទីផ្សេងទៀតដែរ ដូចជាអ្នកកែសម្រួលអត្ថបទ/ ការីនិពន្ធ ដែលជាអ្នកត្រួតពិនិត្យ កែសម្រួលចំណងជើង រូបភាព សម្រួចខ្លឹមសារនៃព័ត៌មានដែលត្រូវផ្សាយមុនផ្សាយ ដើម្បីធានាភាពត្រឹមត្រូវ មានទឡ្ហីករណ៍ ខ្លឹមសារគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ សុក្រិតភាព និងគុណភាព»។

ហេតុនេះ អ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា៖« នៅពេលអ្នកសារព័ត៌មានរាយការណ៍អំពីកុមារ ត្រូវចេះគិតថាកាលបើផ្សាយរឿងនោះទៅ តើវានឹងប៉ះពាល់អ្វីខ្លះដល់ប្អូន កូនប្រុស កូនស្រី ក្មួយស្រី ឬក្មួយប្រុសរបស់យើង ឬគិតមើលថាប្រសិនបើតួអង្គនៅក្នុងព្រឹត្តិការណ៍នោះ គឺជាសាច់ញាតិ កូន ក្មួយប្រុសស្រី របស់យើង តើអ្នកមានអារម្មណ៍ឈឺចាប់យ៉ាងណា ហើយតើការផ្សាយដែលគ្មានក្រមសីលធម៌ វានឹងបង្កផលវិបាកក្នុងពេលខ្លី និងវែងមកលើកុមារយ៉ាងណាខ្លះ»?

ដោយលោកបានផ្តល់ឧទាហរណ៍ដូច្នេះថា៖«រូបភាព និងខ្លឹមសារត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រតិបត្តិក្រមសីលធម៌ពេលរាយការណ៍ព័ត៌មាន មានរូបភាពពាក់ព័ន្ធនឹងឃាតកម្ម ការស្លាប់ និងសាកសព គ្រោះថ្នាក់របួសរាងកាយ(ឈាម) បាត់បង់អវយវៈ ខូចទ្រង់ទ្រាយលើរាងកាយ, អំពើហិង្សា, ពាក្យពេចន៍ឬរូបភាពអាសអាភាស, ការរៀបរាប់ពីរបៀបធ្វើអត្តឃាត, របៀបនៃបទល្មើសអំពើប្លន់សំលាប់ ត្រូវមានការបិទបាំង មិនបង្ហាញចំ ឬធ្វើរូបឱ្យព្រិលរូប…ដើម្បីការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកពាក់ព័ន្ធនឹងសាច់រឿង ហេតុការណ៍នោះ ឬអ្នកទទួលព័ត៌មាន ដែលជាអនីតិជន កុមារ យុវវ័យ ស្ត្រី ឬជនងាយរងគ្រោះ»។

ជាថ្មីម្តងទៀត ក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា សារព័ត៌មានប្រកបដោយក្រមសីលធម៌​ ​ចូលរួមធានា​សុខុមាលភាពរបស់កុមារ និងជួយការពារកុមារពីការរងផលប៉ះពាល់នានាជាយថាហេតុ។ ការប្រកាន់ខ្ជាប់នូវនិយាមវិជ្ជាជីវៈនិងក្រមសីលធម៌ ជាគោលការណ៍គ្រឹះ និងជាទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានគ្រប់រូប៕ អត្ថបទ៖ ហ្សាលីន