មេដឹកនាំ៣រូប រួមអាហារពេលព្រឹកការងារ នាទីក្រុងគូឡាឡាំពួ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , លោក ផាមមិញ ជិញ នាយករដ្ឋមន្រ្តីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានរួមពិសារអាហារពេលព្រឹកការងារ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី (កម្ពុជា-វៀតណាម-ឡាវ) តែងតែមានជំនួបអាហារពេលព្រឹកការងារ។ ដោយឡែក ក្នុងជំនួបនាពេលនេះរវាងប្រទេសទាំងបី បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។

សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

នេះជាការបន្តបេសកកម្មការទូតក្រៅប្រទេស ដើម្បីបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយ ភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង។

លើសពីនេះ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ៕