លោក ត្រាំ និយាយចំៗថា អាមេរិកចង់ផលិតបន្ទះឈីបទំនើបៗ មិនមែនស្បែកជើង និងអាវយឺតឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នៅក្រោមការដឹកនាំរបស់លោក សហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរកការធ្វើរឿងធំៗសំខាន់ៗ ដូចជាការផលិតសម្ភារ:យោធា និងបច្ចវិទ្យាទំនើបៗជាដើម ជាជាងទៅផលិតតែស្បែងជើង និងអាវយឺត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់អ្នកយកព័ត៌មាន មុនពេលឡើងយន្តហោះ ​Air Force One ទៅកាន់រដ្ឋ New Jersey ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយថាលោក យល់ស្របទៅនឹងពាក្យសម្តីដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent លើកឡើងថា សហរដ្ឋអាមេរិក បច្ចុប្បន្នមិនត្រូវការឧស្សាហកម្មវាយនភណ្ឌដែលកំពុងរីកចម្រើនទៀតនោះទេ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ៖” យើងនឹងមិនព្យាយាមស្វែងរកការផលិតស្បែកជើង និងអាវយឺតទៀតនោះទេ។ យើងចង់ផលិតឧបករណ៍យោធា និងរបស់ធំៗផ្សេងទៀត ដូចជា AI និងបន្ទះឈីបជាដើម”។

ប្រធានាធិបតីអាមេរិករូបនេះ បានពន្យល់បន្ថែមថា ផលិតផលវាយនភណ្ឌដូចជាអាវ និងស្រោមជើង ឬស្បែកជើង អាចផលិតបានយ៉ាងល្អនៅកន្លែងផ្សេងទៀត ខណៈពេលដែលសហរដ្ឋអាមេរិក មានបំណងផលិតបន្ទះឈីប កុំព្យូទ័រ និងសម្ភារ:យោធាដូចជារថក្រោះ និងកប៉ាល់ ជាដើម។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លោក ត្រាំ បានអង្រួនពិភពលោកជាមួយនឹងគោលនយោបាយពាណិជ្ជកម្មដែលមិនធ្លាប់មានពីមុនមករបស់លោក។ បន្ថែមពីលើការបង្កើនប្រាក់ចំណូល រដ្ឋបាលលោក ត្រាំ បានអះអាងថា ពន្ធនាំចូលស៊េរីថ្មីអាចធ្វើឲ្យឧស្សាហកម្មផលិតកម្មរបស់អាមេរិក រស់រានមានជីវិតឡើងវិញ ដែលធ្លាប់តែធ្លាក់ចុះអស់ជាច្រើនទសវត្សមកហើយនោះ៕