ក្រុមហ៊ុនចំនួន៤របស់ម៉ាឡេស៊ី ចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ៣ផ្សេងគ្នា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយក្រុមហ៊ុនចំនួន៤របស់ម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ីទាំង៤បានសំឡឹងឃើញសក្តានុពលរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជំនួបរវាងសម្តេចធិបតីជាមួយលោក Dato’ Sri Dr. Shamir Kumar Nandy នាយកគ្រប់គ្រង ក្រុមហ៊ុន Bin Zayed International (M) Berhad

យោងតាមការឱ្យដឹងតាមរយៈសម្តេចធិបតី ក្រុមហ៊ុនម៉ាឡេស៊ីទាំង៤ ដែលសម្តេចអនុញ្ញាតឱ្យចូលជួបរួមមាន៖

១, ក្រុមហ៊ុន Bin Zayed International Berhad (BZI) (M)

ក្រុមហ៊ុន Bin Zayed International Berhad (M)មានប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ និងបណ្ដាប្រទេសនានា​ លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។

ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ។ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនក៏បានពង្រីកបន្ថែម ដោយបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជា មានឈ្មោះថា Provident Capital Co. Ltd. និងបានចុះបញ្ជីពាណិជ្ជកម្មក្នុងវិស័យហរិញ្ញវត្ថុ ជាមួយនឹងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ មីនា​ ២០២៥ កន្លងទៅ ។ អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុង​ការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

ជំនួបរវាងសម្តេចធិបតី ជាមួយលោក​ Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare

២, ក្រុមហ៊ុន Aurelius Healthcare

ក្រុមហ៊ុន Aurelius Healthcare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានគោលបំណងបង្កើតនូវទម្រង់នៃការថែទាំសុខភាពពិសេសមួយ ដើម្បីផ្តោតលើការថែទាំសុខភាពបែបឯកជនកម្រិតមធ្យម និងការផ្តល់សេវាថែទាំសុខភាពដោយសមធម៌សម្រាប់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាព។ ក្រុមហ៊ុន Aurelius Healthcare មានមន្ទីរពេទ្យដៃគូចំនួន៣ នៅប្រទេសម៉ាឡេស៊ី និងចំនួន៦ នៅឥណ្ឌូចិន ក្នុងនោះ មានមន្ទីរពេទ្យចំនួន២ នៅប្រទេសកម្ពុជា ដូចជា៖ មន្ទីរពេទ្យ Orienda International Hospital និងមន្ទីរពេទ្យ Orchid Koh Pich Hospital ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន១៧០ ។

បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅកម្ពុជា ហើយក្រុមហ៊ុនក៏មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។

ជំនួបរវាងសម្តេចធិបតីជាមួយលោក Datuk Hanifah Noordin ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad

៣, ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad

ក្រុមហ៊ុននេះមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល។ ក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។

បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។

សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥បន្ត៕