ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ៣ផ្សេងគ្នា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយក្រុមហ៊ុនចំនួន៤របស់ម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ីទាំង៤បានសំឡឹងឃើញសក្តានុពលរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

យោងតាមការឱ្យដឹងតាមរយៈសម្តេចធិបតី ក្រុមហ៊ុនម៉ាឡេស៊ីទាំង៤ ដែលសម្តេចអនុញ្ញាតឱ្យចូលជួបរួមមាន៖
១, ក្រុមហ៊ុន Bin Zayed International Berhad (BZI) (M)
ក្រុមហ៊ុន Bin Zayed International Berhad (M)មានប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។
ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ។ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនក៏បានពង្រីកបន្ថែម ដោយបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជា មានឈ្មោះថា Provident Capital Co. Ltd. និងបានចុះបញ្ជីពាណិជ្ជកម្មក្នុងវិស័យហរិញ្ញវត្ថុ ជាមួយនឹងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ មីនា ២០២៥ កន្លងទៅ ។ អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

២, ក្រុមហ៊ុន Aurelius Healthcare
ក្រុមហ៊ុន Aurelius Healthcare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានគោលបំណងបង្កើតនូវទម្រង់នៃការថែទាំសុខភាពពិសេសមួយ ដើម្បីផ្តោតលើការថែទាំសុខភាពបែបឯកជនកម្រិតមធ្យម និងការផ្តល់សេវាថែទាំសុខភាពដោយសមធម៌សម្រាប់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាព។ ក្រុមហ៊ុន Aurelius Healthcare មានមន្ទីរពេទ្យដៃគូចំនួន៣ នៅប្រទេសម៉ាឡេស៊ី និងចំនួន៦ នៅឥណ្ឌូចិន ក្នុងនោះ មានមន្ទីរពេទ្យចំនួន២ នៅប្រទេសកម្ពុជា ដូចជា៖ មន្ទីរពេទ្យ Orienda International Hospital និងមន្ទីរពេទ្យ Orchid Koh Pich Hospital ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន១៧០ ។
បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅកម្ពុជា ហើយក្រុមហ៊ុនក៏មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។

៣, ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad
ក្រុមហ៊ុននេះមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល។ ក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។
បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។
សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥បន្ត៕






