ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់បណ្តាប្រទេសអាស៊ានតភ្ជាប់បណ្តាញថាមពលអាស៊ាន ដើម្បីសម្រេចគោលដៅរួមនៃការកាត់បន្ថយការសាយភាយឧស្ម័នកាបូន។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា អាស៊ានត្រូវពង្រឹង ការតភ្ជាប់លើគ្រប់ទិដ្ឋភាពរូបវន្ត ស្ថាប័ន និងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ សម្តេចថា រួមបញ្ចូលការជំរុញគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តគន្លឹះ ដូចជាការតភ្ជាប់បណ្តាញថាមពលអាស៊ាន ដើម្បីសម្រេចបាននូវគោលដៅរួមនៃការកាត់បន្ថយការសាយភាយឧស្ម័នកាបូន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការលើកកម្ពស់ទេសចរណ៍ក្នុងតំបន់ ក្នុងការធ្វើឱ្យអាស៊ានជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើក ចម្រុះ និងប្រកួតប្រជែង។

បន្ថែមពីនេះ សម្តេចក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថាអាស៊ាននៅតែជាតំបន់ដែលមានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភពលោកកាន់តែមានភាពមិនច្បាស់លាស់។ ជាមួយគ្នានេះ សម្តេចថា ដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្តេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព ការដកចេញនូវរបាំងនានា ការ បន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្តរកាលឌីជីថលនិងបរិស្ថានបៃតង ក្នុងការបង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់ជាដើម។
គិតត្រឹមពេលបច្ចុប្បន្ន ប្រទេសជាង១០០បានប្តេជ្ញាចិត្តសម្រេចឱ្យដល់គោលដៅបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យ នៅឆ្នាំ២០៥០ ពោលគឺការបញ្ចេញ ស្មើនឹងការស្រូបយកឧស្ម័នកាបូនិក ស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ ចិនដែលជាប្រទេសបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ បានកំណត់គោលដៅ នៅឆ្នាំ២០៦០ ខណៈដែលប្រទេសជឿនលឿន ដូចជាស៊ុយអែត បានដាក់គោលដៅលឿនជាងគេ ត្រឹមឆ្នាំ២០៤៥៕ អត្ថបទ៖ហ្សាលីន


