កូនស្រីរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឈ្មោះ គន់គីម កាលីឌីណា (Kunkim Calidina) បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលាដ៏ល្បីបំផុតមួយនៅកម្ពុជា គឺសាលាភ្នំពេញអន្តរជាតិ (ISPP) ក្នុងឆ្នាំសិក្សា២០២៥នេះ។

កញ្ញា គន់គីម កាលីឌីណា បច្ចុប្បន្នវ័យ ១៨ឆ្នាំ ជាកូនស្រីរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី និងត្រូវជាចៅស្រីរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឆ្នាំសិក្សា២០២៥នេះដែរ កញ្ញា គន់គីម កាលីឌីណា បានជាប់ឈ្មោះជាសិស្សពូកែឆ្នើមមួយរូប ដោយទទួលបានប័ណ្ណសរសើរលើមុខវិជ្ជាភាសាអង់គ្លេស ព្រមទាំងឈ្នះពានរង្វាន់ភាពជាអ្នកដឹកនាំ (Leadership Award) ដែលក្នុងមួយឆ្នាំសាលាជ្រើសរើសតែពីររូប (ប្រុស១រូប និងស្រី១រូប) ផងដែរ។
លោកជំទាវ សុខា គងពិសី បានបង្ហោះសារអបអរសាទរដល់កូនស្រី ក្នុងឱកាសដ៏រីករាយនេះ កាលពីចុងសប្តាហ៍កន្លងទៅដូច្នេះថា៖ “ថ្ងៃនេះជាថ្ងៃដែលម៉ែបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីមើលកូនបានបញ្ចប់ការសិក្សា ហើយបានក្លាយជាក្មេងឆ្លាត រឹងមាំ និងស្រស់ស្អាតរបស់ម៉ែ។ ពេលមើលកូនដើរទទួលសញ្ញាបត្រ ម៉ែមិនអាចទប់ទឹកភ្នែកបានទេ(តែជាទឹកភ្នែកសប្បាយចិត្ត)។ ភាពជោគជ័យរបស់កូន គឺបានខិតខំយ៉ាងខ្លាំង ដើម្បីឈានដល់ពេលនេ។ ម៉ែបានឃើញកូនខំប្រឹង និងភាពក្លាហ៊ានរបស់កូន កូនខំរៀនដល់យប់ជ្រៅ ហើយធ្វើឱ្យម៉ែមានមោទនភាពចំពោះកូនយ៉ាងខ្លាំង។ បន្ទាប់ពីនេះកូននឹងរៀបចំខ្លួនចាកចេញពីម៉ែប៉ា ប្អូនៗ ដើម្បី ចាប់ផ្តើមដំណើរថ្មីរបស់កូននៅសាកលវិទ្យាល័យ។ កូននឹងប្រឈមមុខនឹងបញ្ហាថ្មីៗ ប៉ុន្តែម៉ែដឹងថាកូនបានត្រៀមខ្លួនរួចរាល់ហើយ។ម៉ែសង្ឃឹមថាក្នុងពេល ៣ឆ្នាំទៀត ម៉ែនឹងបានទៅមើលកូនសម្រេចក្តីសុបិន្តមួយទៀត ក្នុងការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ សូមអបអរសាទរកូនឌីណា កូនបានធ្វើអោយម៉ែមានមោទនភាពយ៉ាងខ្លាំង ម៉ែស្រលាញ់កូន”។
សូមជម្រាបថា សាលាភ្នំពេញអន្តរជាតិ (ISPP) មានទីតាំងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ជាសាលាដ៏ល្បីបំផុតមួយនៅកម្ពុជា ដែលមានគុណភាពបណ្តុះបណ្តាលខ្ពស់កម្រិតអន្តរជាតិ និងមានតម្លៃសិក្សាខ្ពស់។ តាមទិន្នន័យឆ្នាំសិក្សា២០២៣-២០២៤ សាលា ISPP កម្រិតបាក់ឌុប មានតម្លៃសិក្សាប្រមាណជាង ២៨ម៉ឺនដុល្លារសហអាម៉េរិក៕










