ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសង្កេតឃើញថា បច្ចុប្បន្នជ្រូកសាច់បន្តរក្សាបានថ្លៃល្អនៅលើទីផ្សារមានរយៈពេលជាង៣ខែកន្លងមកនេះ បានជំរុញឱ្យកសិករនៅតាមតំបន់ភាគច្រើនចាប់ផ្តើមចិញ្ចឹមជ្រូកឡើងវិញដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

លោក លី ឡាវិល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ផ្អែកលើតម្លៃជ្រូករស់ក្នុងពេលសព្វថ្ងៃនេះមានស្ថិរភាពល្អមានរយៈពេលជាង៣ខែមកនេះ យើងឃើញថាពលរដ្ឋភាគច្រើនងាកមកចាប់ផ្តើមចិញ្ចឹមជ្រូកឡើងវិញហើយ ព្រោះតម្លៃជ្រូកសព្វថ្ងៃនេះអាចឱ្យអ្នកចិញ្ចឹមរកប្រាក់ចំណេញបាន និងហ៊ានប្រឈរមុខជាមួយហានិភ័យដោយខ្លួនឯង។ ប៉ុន្តែបើតម្លៃជ្រូករស់នៅក្រោម៩៥០០រៀល ប្រហែលកសិករមិនហ៊ានចិញ្ចឹមឡើងវិញនោះទេ ខ្លាចមានហានិភ័យកើតឡើង ប៉ុន្តែបើតម្លៃ នៅចន្លោះពី១ម៉ឺនទៅ១ម៉ឺន១ពាន់រៀលក្នុងមួយគីឡូដូចបច្ចុប្បន្ននេះ ទោះបីមានបញ្ហាកើតឡើង កសិករក៏មិនមានការខាតបង់ប្រាក់ធ្ងន់ធ្ងរពេកនោះដែរ។

បើតាមប្រធានក្រុមប្រឹក្សាភិបាលខាងលើ កាលណាកសិករធ្វើការចិញ្ចឹមជ្រូកផ្គត់ផ្គង់លើទីផ្សារលើសពីតម្រូវការ វានិងធ្វើឱ្យតម្លៃធ្លាក់ចុះមកវិញ ប៉ុន្តែនៅពេលណាមួយវាឡើងថ្លៃវិញនៅពេលតម្រូវការច្រើនជាងការផ្គត់ផ្គង់។ តែទោះជាតម្លៃជ្រូកមានការប្រែប្រួលបែបនេះក្តី សម្រាប់កសិករមួយចំនួននៅតែមិនបោះបង់ការចិញ្ចឹមជ្រូករបស់ខ្លួនចោលទេ ព្រោះរបរនៅផ្ទះដោយពុំចាំបាច់ចំណាកស្រុកធ្វើការនៅឆ្ងាយ។
ស្របពេលតម្លៃជ្រូកសាច់បន្តរក្សាបានថ្លៃល្អនៅលើទីផ្សារ លោក លី ឡាវិល បានសង្កេតឃើញថា តម្លៃកូនជ្រូកនៅតាមក្រុមហ៊ុន ឬកសិដ្ឋានក្នុងមួយក្បាលថ្លៃចន្លោះ២០ទៅ២៥ម៉ឺនរៀល តែសម្រាប់កសិករដែលមានកូនជ្រូក អាចលក់បានថ្លៃ២០ម៉ឺនរៀលតិចតួចក្នុងមួយក្បាល ខណៈពេលមុនៗមានតម្លៃទាបជាងសព្វថ្ងៃនេះ៕

