នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២ រវាងកម្ពុជា និងជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២នោះរួមមាន៖
១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និង លើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។
២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។

សូមជម្រាបជូនថា ការចុះអនុស្សរណៈរវាងកម្ពុជា និងជប៉ុន ធ្វើឡើងក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលវេទិការនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) ដោយមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន៕


