នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC) និង ធនាគារ Mizuho រៀបចំវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជំរុញឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាដឹកនាំដ៏រស់រវើកនិងមានប្រសិទ្ធភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះជាការថ្លែងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “ប្រទេសជប៉ុនផ្ដល់ជូនធុរកិច្ចកម្ពុជា នូវទីផ្សារសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល និងធនធានគុណភាពខ្ពស់របស់កម្ពុជា ទុនវិនិយោគមានស្ថេរភាព ឱកាសផលិតកម្មកម្រិតខ្ពស់នាពេលអនាគត ដែលជំរុញដោយកម្លាំងពលកម្មសេដ្ឋកិច្ចវ័យក្មេងរបស់កម្ពុជា។ ភាពសម្បូរបែប នៃជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរ ឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាដែលមិនអាចកាត់ថ្លៃបាន ព្រមទាំងមានសេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការ”។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា “សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជាផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត។ កម្លាំងពលកម្មវ័យក្មេង និងកាន់តែមានជំនាញដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដល់ការរីកចម្រើន។ ទីតាំងយុទ្ធសាស្ត្រ ជាចំណុចបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែល មានស្រាប់។ វេទិកាសេដ្ឋកិច្ចទូលំទូលាយដោយប្រើរូបិយបណ្ណដុល្លារ ដែលមានស្ថិរភាព”។
អ្នកឧកញ៉ា បញ្ជាក់ថារាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេសនិងអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមានកម្មសិទ្ធិ ១០០%។ ក្នុងឱកាស នៃការបង្ហាញសក្តានុពលនេះ អ្នកឧកញ៉ាបានអំពាវនាវដល់ធុរកិច្ចពីប្រទេសទាំងពីរ ឱ្យធ្វើការស្វែងយល់យ៉ាងសកម្មនូវភាពជាដៃគូក្នុងវិស័យសំខាន់ៗ។
វេទិកានេះប្រព្រឹត្តទៅដោយជោគជ័យ ដែលនៅក្នុងនោះធុរជនទាំងពីរប្រទេសបានចូលរួមជំនួបពាណិជ្ជកម្មពិភាក្សាជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាព សហប្រតិបត្តិការរួម លើសពីនេះ ក៏មានការពិភាក្សាលើកាលានុវត្តភាព និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់កម្ពុជា ដែលអំណោយផលដល់ធុរជនជប៉ុន៕








