ម្ចាស់ភាគហ៊ុន Tesla ទទូចឲ្យ Elon Musk ត្រលប់មកធ្វើការ ៤០ម៉ោងវិញ ក្រោយការលក់ធ្លាក់ចុះខ្លាំង

អន្តរជាតិ

ក្រុមហ៊ុនអ្នកវិនិយោគរបស់ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ បានទទូចឲ្យមហាសេដ្ឋី Elon Musk ងាកមកចំណាយពេលវេលាយ៉ាងហោចណាស់ ៤០ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីដំណើរការក្រុមហ៊ុន បន្ទាប់ពីមានការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ម្ចាស់ភាគហ៊ុន Tesla បានផ្ញើលិខិតមួយ ទៅកាន់ប្រធានក្រុមហ៊ុន​លោក Robyn Denholm ដោយស្នើសុំឲ្យនាយកប្រត្តិបត្តិលោក Musk ចំណាយពេលច្រើនបន្ថែមទៀត នៅក្នុងក្រុមហ៊ុន។ ពួកគេបាននិយាយទៀតថា ក្រុមហ៊ុន ត្រូវការការយកចិត្តដាក់ដាច់ខាតរបស់លោក Musk ដើម្បីដោះស្រាយបញ្ហានៃការលក់ធ្លាក់ចុះ និងតម្លៃភាគហ៊ុនដែលមានការប្រែប្រួល។

គួរឲ្យដឹងផងដែរថា ក្រុមម្ចាស់ភាគហ៊ុន រួមទាំងមូលនិធិសោធននិវត្តន៍ សហជីព និងមូលនិធិវិនិយោគនៅក្នុងរដ្ឋ Illinois និង Oregon បច្ចុប្បន្នកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla សរុបចំនួន ៧,៩ លានហ៊ុន ដែលស្មើនឹង ០,២% នៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីទាំងមូល។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករាមក លោក Musk ត្រូវបានតែងតាំងឲ្យកាន់តំណែងនៅក្នុងការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលមានគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

ប៉ុន្តែនៅក្នុងអំឡុងពេលនោះ អាជីវកម្មរបស់ក្រុមហ៊ុន Tesla បានជួបបញ្ហាយ៉ាងខ្លាំង ដូចជាការលក់ និងប្រាក់ចំណេញធ្លាក់ចុះ ស្របពេលតម្លៃភាគហ៊ុនក៏មានការប្រែប្រួលខ្លាំងផងដែរ​ ដោយសារតែសកម្មភាពពាក់ព័ន្ធទៅនយោបាយរបស់ CEO លោក Elon Musk៕