យោងតាមនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មបានបង្ហាញឲ្យដឹងថា អាជីវកម្មសរុបចំនួន ៣ ៩២១ នៅក្នុងប្រទេសថៃ បានប្រកាសឈប់ដំណើរការ នៅក្នុងរយ:ពេល ៤ខែដំបូងនៃឆ្នាំ២០២៥ នេះ ពោលគឺបានកើនឡើង ៨,៣% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា វិស័យកំពូលៗទាំងបីដែលមានការបិទអាជីវកម្មច្រើនជាងគេរួមមាន សំណង់ទូទៅ បិទទ្វារ ៣៧២ ជាមួយដើមទុនចុះបញ្ជីសរុប ៦៥២លានបាត , អចលនទ្រព្យ បិទទ្វារ ១៨៤ ដើមទុនចុះបញ្ជី ៩១២លានបាត និងវិស័យភោជនីយដ្ឋាន/អាហារដ្ឋាន បិទទ្វារ ១៥៩ ជាមួយដើមទុនចុះបញ្ជី ៣៩១លានបាត។
គួរឲ្យដឹងដែរថា បើតាម នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងថា ដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មដែលបានបិទប្រតិបត្តិការទាំងជាង ៣ ៩០០ នោះ មានរហូតដល់ទៅ ១៥,៩៩ពាន់លានបាត។
នាយកដ្ឋាននេះ បាននិយាយទៀតថា កត្តាសំខាន់ៗនៅពីក្រោយការបិទអាជីវកម្មនេះ រួមមានការកើនឡើងនៃបំណុលគ្រួសារដែលបានកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ រួមទាំងសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រែប្រួល និងភាពមិនច្បាស់លាស់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាដើម។
ទន្ទឹមនឹងនេះ ការចុះឈ្មោះអាជីវកម្មថ្មីៗមានចំនួនសរុប ៣០ ១៤៨ ក្នុងអំឡុងពេល ៤ខែដំបូងឆ្នាំនេះ ពោលគឺបានថយចុះអស់ ១ ៣៨៥ ឬស្មើទៅនឹង ៤,៤% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ជម្រាបជូនថា យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានព្យាករថា រោងចក្រនៅថៃកាន់តែច្រើន នឹងត្រូវបិទទ្វារនៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនៗ ដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត៕

