លោក ត្រាំ ព្រមានផ្អាកធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើន បើធនាគារកណ្តាល Fed មិនបន្ថយអត្រាការប្រាក់

អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើធនាគារកណ្តាលសហរដ្ឋអាមេរិក Fed ឲ្យបន្ថយអត្រាការប្រាក់ ដើម្បីអនុវត្តគោលនយោបាយដែលលោកចង់បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៤ ខែកញ្ញា ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិកបានចេញផ្សាយតួលេខការងារ នៅក្នុងខែសីហា។ យោងតាមទិន្នន័យ អាជីវកម្មបានបង្កើតការងារថ្មីៗសរុបចំនួន ១៦២ ០០០ កន្លែង ដែលលើសពីការព្យាករពីមុន។

ភ្លាមៗបន្ទាប់ពីព័ត៌មាននេះ ប្រធានាធិបតីលោក ត្រាំ បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយហៅតួលេខទាំងនោះថាជារឿង “អស្ចារ្យ” ហើយបានបន្តអំពាវនាវឱ្យធនាគារកណ្តាលសហរដ្ឋអាមេរិក បន្ថយអត្រាការប្រាក់ ពីព្រោះថាអាមេរិកឥឡូវនេះមានកម្រិតសេដ្ឋកិច្ចល្អប្រសើជាងមុន។

លោក ត្រាំ ថែមទាំងបានពន្យល់ទៀតថា ៖”ប្រទេសខ្លាំងមានន័យថាអត្រាការប្រាក់ត្រូវតែទាបជាង។ យើងគួរតែមានអត្រាការប្រាក់ទាបបំផុតនៅលើពិភពលោក ដូចដែលយើងធ្លាប់មាន”។

លោក ត្រាំ បានអះអាងថា ការរក្សាអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានជួយប្រទេសជាច្រើនរក្សាជំហរហិរញ្ញវត្ថុដ៏រឹងមាំ។ ដូច្នេះ លោកបានអំពាវនាវឲ្យមានការបន្ថយអត្រាការប្រាក់ ឬមួយត្រូវឈប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិក។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះ​បានបង្ហាញជាយូរមកហើយនូវបំណងប្រាថ្នាចង់បន្ថយអត្រាការប្រាក់ ហើយតែងតែត្អូញត្អែរអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។

ជម្រាបជូនថា កាលពីសប្តាហ៍មុន លោក Kevin Warsh ប្រធានាធនាគារកណ្តាល បានបង្ហាញសញ្ញាថា Fed អាចនឹងពិចារណាដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ ដើម្បីនាំអតិផរណាត្រឡប់ទៅគោលដៅ ២% វិញ។ ធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ៕​