បន្ទាប់ពីតម្លៃប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលជិតពីរឆ្នាំ មន្ត្រីរបស់ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថា បានធ្វើអន្តរាគមន៍ជាមួយនឹងការចំណាយទឹកប្រាក់យ៉ាងច្រើន ដើម្បីគាំទ្ររូបិយប័ណ្ណក្នុងស្រុក។

នៅថ្ងៃទី៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដោយដកស្រង់ទិន្នន័យពីធនាគារកណ្តាល បានរាយការណ៍ថា អាជ្ញាធរទីក្រុងតូក្យូបានចំណាយទឹកប្រាក់ប្រហែល ១០ពាន់ពាន់លានយ៉េន (៦៤ពាន់លានដុល្លារ) ចាប់តាំងពីសប្តាហ៍មុន ដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុក។
ជុំវិញការអន្តរាគមន៍នេះ ត្រូវបានគេជឿថាបានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា នៅពេលដែលតម្លៃប្រាក់យ៉េនចុះខ្សោយធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយធ្លាក់ចុះដល់ជិត ១៦០យ៉េនក្នុងមួយដុល្លារអាមេរិក ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយ។
ចាប់តាំងពីពេលនោះមក ប្រាក់យ៉េនបានកើនឡើងម្តងហើយម្តងទៀត ដែលជំរុញឱ្យមានការរំពឹងទុកអំពីអន្តរាគមន៍បន្ថែមទៀតដោយអាជ្ញាធរ។ គិតនៅថ្ងៃទី៨ ខែឧសភានេះ អត្រាប្តូរប្រាក់យ៉េនរបស់ជប៉ុនគឺ ១៥៧យ៉េនក្នុងមួយដុល្លារអាមេរិក។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះនៃប្រាក់យ៉េនថ្មីៗនេះ ដោយសារតែតម្លៃប្រេងកើនឡើង ដែលធ្វើឱ្យប្រទេសនេះត្រូវការប្រាក់ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីនាំចូលប្រេងឥន្ធនៈ។ ហើយចំពោះហេតុផលចម្បងមួយផ្សេងទៀត គឺភាពខុសគ្នានៃអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុន៕

