នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី ១ មិថុនា ឆ្នាំ២០២៥នេះ បានប្រកាសពីលទ្ធផលនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់នៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតី បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស សម្តេចបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជានៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។
សម្តេចធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។
ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ និងត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
សម្តេចធិបតី បានបញ្ជាក់ថា ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។
ជាថ្មីម្ដងទៀត សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព៕

