អ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍រំពឹងទទួលបានជើងយន្តហោះផ្ទាល់ដឹកភ្ញៀវត្រង់មកកាន់ព្រលានយន្តហោះសៀមរាបអង្គរ

សង្គម​និង​សេដ្ឋកិច្ច

បើសិនមិនមានការផ្តាស់ប្តូរពេលវេលាណាមួយធ្វើឱ្យប៉ះពាល់នោះទេ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនឹងបើកដំណើរជាផ្លូវការនៅពាក់កណ្តាលខែតុលាឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយនិងគម្រោងបើដំណើរការនៅអាកាសយានដ្ឋាននេះ បានធ្វើឱ្យអ្នកផ្តល់សេវាកម្មនៅក្នុងវិស័យទេសចរណ៍មានក្តីរំពឹងថានឹងទទួលបានជើងយន្តហោះដឹកទេសចរបរទេសនឹងហោះមកត្រង់កាន់ខេត្តសៀមរាបនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាបម្នាក់បានឱ្យដឹងថា ក្នុងនាមជាអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ យើងចង់បានការហោះហើរត្រង់មកកាន់ទឹកដីខេត្តសៀមរាប ដោយហេតុផលថាកាលពីមុនមកយើងពឹងផ្អែកទៅលើប្រទេសជិតខាង អីចឹងការរៀបចំកញ្ចប់ទេសចរ មុនមកដល់ស្រុកយើងភ្ញៀវទេសចរត្រូវចុះដើរលេងនៅស្រុកគេសិន។

លោក ធឿន វុឌ្ឍី មានប្រសាសន៍ថា «អ្វីដែលយើងសប្បាយចិត្តគឺភ្ញៀវចុះនៅសៀមរាបផ្ទាល់ យើងអាចរៀបចំកញ្ចប់ទេរសចរផ្ទាល់បាន ហើយយើងប្រើពេលវេលាវែង មានន័យថាលុយចូលមកស្រុកយើងវាបានច្រើន។យើងជឿជាក់ថានឹងមានការហោះហើរត្រង់នៅយន្តហោះដឹកអ្នកទេសចរមកកាន់ខេត្តសៀម បើទោះបីមិនទទួលបាន១០០% យ៉ាងហោចណាស់យើងបានខ្លះ ហើយការទទួលបានចំណែកខ្លះៗនេះវាជាផលចំណេញសម្រាប់កម្ពុជា»។

បើតាមលោក ធឿន វុឌ្ឍី ភ្ញៀវទេសចរបរទេសខ្លះគេធ្លាប់បានទៅលេងនៅប្រទេសជិតខាងកម្ពុជាបានច្រើនហើយតែគេមកលេងនៅកម្ពុជាតែមានរយៈពេលខ្លី ដូចនេះនៅថ្ងៃក្រោយសង្ឃឹមថាទេសចរទំាងនោះនិងទិញសំបុត្រយន្តហោះដែលហោះហើរត្រង់មកកម្ពុជាតែម្តង ដើម្បីចំណាយពេលដើរកម្សាន្តនៅខ្មែរឱ្យបានយូរ។

លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ការប្រកាសបើកអាកាសយានដ្ឋានថ្មីនៅពាក់កណ្តាលខែតុលាដ៏ឆាប់ខាងមុខនេះ បានធ្វើអោយអ្នកពាក់ពន្ធ័វិស័យទេសចរណ៍មានការភ្ញាក់ផ្អើល ទើបយើងរៀបចំទស្សនៈកិច្ចលក្ខណៈបច្ចេកទេសនេះឡើង ដើម្បីបកស្រាយនូវរាល់ចម្ងល់ និងក្តីបារម្មណ៍របស់ប្រតិបត្តិករទេសចរណ៍យើង។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា«អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យទេសចរណ៍យើង សូមចូលរួមបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់គ្នាតាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងក្រមសីលធម៏នៃវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងក្នុងការទាក់ទាញភ្ញៀវនៅក្នុងតំបន់»៕ អត្ថបទ៖សារេត