លោក ត្រាំ ប្រកាសថានឹងដំឡើងពន្ធនាំចូលលើដែកថែបទ្វេដង រហូតដល់ ៥០%

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកថែប ក្នុងគោលបំណងដើម្បីការពារបន្ថែមទៀតនូវឧស្សាហកម្ម ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅឯរោងចក្រ Irvin Works របស់ក្រុមហ៊ុន US Steel នៅទីក្រុង West Mifflin រដ្ឋ Pennsylvania លោក ត្រាំ បាននិយាយថា ៖”យើងនឹងដំឡើងពន្ធលើដែកថែបដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកពី ២៥% ទៅ ៥០% ដែលនេះនឹងជួយការពារឧស្សាហកម្មដែកក្នុងស្រុកឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត” ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក ក៏ថែមទាំងបានសង្កត់ធ្ងន់ទៀតថា នៅពេលពន្ធគយដាក់ត្រឹម ២៥% ពួកគេនៅតែអាចគេពីវាបាន។ ប៉ុន្តែនៅពេលដំឡើងដល់ ៥០% នោះពួកគេនឹងមិនអាចគេចពីវាបានទៀតនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញពន្ធគយដែកថ្មីចុងក្រោយនេះ​ នឹងមិនប៉ះពាល់ដល់សេចក្តីសម្រេចកាលពីថ្ងៃទី២៨ ខែឧសភា ដោយតុលាការពាណិជ្ជកម្មអន្តរជាតិ (CIT) ក្រុង Manhattan ដែល​បាន​រារាំង​ចំពោះផែនការពន្ធគយរបស់ប្រធានាធិបតីអាមេរិក នោះទេ។ ពន្ធគយលើដែកដែលត្រូវបានដាក់ដោយលោក ត្រាំ នេះ គឺស្ថិតក្រោមផ្នែកទី២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទៅលើហានិភ័យសន្តិសុខជាតិ ហើយវាត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែមិថុនាខាងមុខ។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសដំឡើងពន្ធនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានផ្តល់សញ្ញាកាលពីសប្តាហ៍មុនថាលោកនឹងជម្រះផ្លូវសម្រាប់ការច្របាច់បញ្ចូលគ្នាដ៏ចម្រូងចម្រាសរវាងក្រុមហ៊ុន US Steel និង Nippon Steel របស់ប្រទេសជប៉ុន លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ១៤ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកបាន ចាប់ផ្តើមដាក់ពន្ធថ្មីលើអាលុយមីញ៉ូម និងដែកថែបទាំងអស់ដែលនាំចូលមកក្នុងប្រទេស នៅថ្ងៃទី១២ ខែមីនា។ យោងតាមច្បាប់ដែលបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានបង្ហាញថា ផលិតផលទាំងនេះនឹងត្រូវជាប់ពន្ធ ២៥% ដោយគ្មានករណីលើកលែងឡើយ៕