ជួរនយោបាយថៃកាន់តែឡើងកម្តៅ​ ក្រោយនាយករដ្ឋមន្ត្រី គ្រោងរុះរើគណ:រដ្ឋមន្ត្រីទ្រង់ទ្រាយធំ

អន្តរជាតិ

ភាពតានតឹងផ្នែកនយោបាយក្នុងប្រទេស រវាងគណបក្សភឿថៃដែលកំពុងកាន់អំណាច និងក្រុមដៃគូចម្រុះរបស់ខ្លួន គឺគណបក្ស Bhumjaithai កាន់តែកើនឡើងកម្តៅខ្លាំងឡើង ដែលអាចនាំឲ្យមានការរុះរើគណ:រដ្ឋមន្ត្រីទ្រង់ទ្រាយធំ នៅក្នុងខែមិថុនានេះ។ នេះបើតាមការចុះផ្សាយពីសារាព័ត៌មាន Khaosod។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញភាពចម្រូងចម្រាសនេះ ត្រូវបានផ្ទុះឡើងនៅពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងស្នើឲ្យមានការទាមទារដកតំណែងក្រសួងមហាផ្ទៃពី លោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្ស Bhumjaithai។

ទន្ទឹមនឹងនោះ លោក Prasert Chantrarangthong ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ត្រូវបានស្នើឲ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី ជំនួសវិញ ស្របពេលលោក Anutin ត្រូវបានគេរំពឹងថានឹងត្រូវប្តូរទៅកាន់តំណែងនៅក្រសួងអប់រំ ឬពាណិជ្ជកម្ម។

គួរឲ្យដឹងផងដែរថា ជុំវិញគម្រោងក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះ ត្រូវបានរំពឹងទុកធ្វើឡើង បន្ទាប់ពីមានការអនុម័តកញ្ចប់ថវិកាដំបូងរបស់ខ្លួន។ ក្រោយពីការអនុម័តនេះ មេដឹកនាំគណបក្សភឿថៃ នឹងដើរតួជាកាតនយោបាយដ៏សំខាន់មួយដោយផ្តល់សញ្ញាដល់នាយករដ្ឋមន្រ្តី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ដើម្បីផ្តួចផ្តើមការរុះរើគណៈរដ្ឋមន្ត្រីក្នុងគោលបំណងបន្ថយអំណាចសភាដែលគ្រោងផ្តួលរំលំរដ្ឋាភិបាល។

មិនតែប៉ុណ្ណោះ លោកស្រី ផែថុងថាន បាននិយាយនៅពេលត្រូវបានគេសួរនាំដល់ការរុះរើគណ:រដ្ឋមន្ត្រីនេះថា ៖”ថ្ងៃនេះអ្វីៗនៅតែដដែល ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ។ អ្វីៗដែលយើងមិននឹកស្មានដល់ ឬធ្លាប់បានគិត តែងតែអាចកើតឡើងបានគ្រប់ពេល ហើយលើកនេះក៏មិនខុសគ្នាដែរ”។

ជម្រាបជូនផងដែរថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា ខណៈដែលថ្នាក់ដឹកនាំគណបក្សភឿថៃ កំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រឡើងវិញ និងជំរុញជំហររបស់រដ្ឋាភិបាល៕