លោក ត្រាំ កំពុងទាមទារសំណងសង្គ្រាមពីអ៉ីរ៉ង់វិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងទាមទារសំណងសង្គ្រាមពីអ៊ីរ៉ង់ នៅក្នុងកិច្ចចរចាសន្តិភាពណាមួយ ដើម្បីជាការឆ្លើយតបទៅនឹងលក្ខខណ្ឌស្រដៀងគ្នាដែលធ្វើឡើងដោយទីក្រុងតេអេរ៉ង់ពីមុននេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១០ ខែសីហាថា ៖”ខ្ញុំក៏នឹងទាមទារឱ្យអ៊ីរ៉ង់ផ្តល់សំណងដល់ជនរងគ្រោះដែលបានស្លាប់ និងរងរបួសធ្ងន់ធ្ងរដោយសារតែមីននៅតាមដងផ្លូវរបស់ពួកគេ និងជម្លោះជាច្រើនដែលពួកគេបានញុះញង់ ផងដែរ”។

ប្រធានាធិបតីអាមេរិក ក៏បានបន្ថែមទៀតថា៖”ដោយមិននិយាយពីការស្លាប់ចំនួន ៥២ ០០០ នាក់ក្នុងរយៈពេលប្រាំខែកន្លងមកនេះ អ៊ីរ៉ង់ក៏នឹងត្រូវផ្តល់សំណងដល់ក្រុមគ្រួសាររបស់អ្នកតវ៉ាស្លូតត្រង់រាប់រយរាប់ពាន់នាក់ដែលពួកគេបានសម្លាប់ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះផងដែរ”។

យ៉ាងណាមិញ នៅក្នុងការបង្ហោះជាបន្តបន្ទាប់ លោកបានបញ្ជាក់បន្ថែមទៀតថា អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ និងការខូចខាតដែលពួកគេបានបង្កឡើងនៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងហ្គាហ្សា។

គួរជម្រាបជូនផងដែរថា ជុំវិញការចេញមុខនិយាយទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ នេះ គឺដើម្បីជាការឆ្លើយតបទៅនឹងលក្ខខណ្ឌចំនួនប្រាំមួយដែលអ៊ីរ៉ង់បានកំណត់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមទាំងការបញ្ឈប់ការគំរាមកំហែង ការបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ការលើកលែងការបិទផ្លូវសមុទ្រ ការទូទាត់សំណងសម្រាប់ការខូចខាត ការលើកលែងទណ្ឌកម្ម និងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កកជាដើម៕​