មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន SpaceX របស់ខ្លួនអាចនឹងកាត់ត្រាប្រាក់ចំណូលសរុបបាន ១៥,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដោយសារតែការកើនឡើងនៃភាពលេចធ្លោរបស់ក្រុមហ៊ុនផលិតរ៉ុក្កែត នៅក្នុងវិស័យអវកាសពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្នុងរយ:ពេលចុងក្រោយនេះ SpaceX បានពឹងផ្នែកយ៉ាងខ្លាំងលើការកើនឡើងនៃតម្រូវការសម្រាប់សេវាកម្មបាញ់បង្ហោះយានអាវកាសទៅកាន់ទីលំហរ និងសេវាកម្មផ្តល់សេវាអ៊ីនធឺណិតតាមរយ:ផ្កាយរណប ដើម្បីបង្កើតប្រាក់ចំណូល។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍប្រព័ន្ធរ៉ុក្កែត Starship កម្ពស់ ១២២ម៉ែត្រ ដែលមហាសេដ្ឋី Elon Musk បាននិយាយថា នឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ប្រាក់ចំណូលដល់ក្រុមហ៊ុនបន្ថែមទៀត ជាមួយនឹងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលចម្បងបច្ចុប្បន្នរបស់ SpaceX ត្រូវបានជំរុញភាគច្រើន ដោយការបាញ់បង្ហោះយាន Falcon 9 និងសេវាកម្មផ្តល់អ៊ីនធឺណិតតាមរយ:ផ្កាយរណប Starlink ។ Starlink ត្រូវបានគេរំពឹងថា នឹងរកបានប្រាក់ចំណូល ១២,៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥ នេះ បន្ទាប់ពីត្រូវបានដាក់ពង្រាយរាប់ពាន់គ្រឿងលើលំហរអាកាស និងផ្តល់សេវាទៅកាន់បណ្តាក្រុមហ៊ុនធំៗ រដ្ឋាភិបាល និងប្រទេសជាច្រើនរួចមកហើយ នៅជុំវិញពិភពលោក។
សូមជម្រាបដែរថា SpaceX គឺជាក្រុមហ៊ុនផលិតយានអវកាស និងស្រាវជ្រាវលំហអាកាស បង្កើតឡើងដោយមហាសេដ្ឋី Elon Musk និងលោក Tom Mueller ខណ:គិតត្រឹមចុងឆ្នាំមុន ក្រុមហ៊ុនមួយនេះតម្លៃរហូតដល់ទៅ ៣៥០ពាន់លានដុល្លារ៕

