មហាសេដ្ឋីកំពូលថៃម្នាក់ ផ្ទេរចេញភាគហ៊ុនតម្លៃជាង ១ពាន់លានដុល្លារ ទៅក្រុមហ៊ុនក្រៅប្រទេស

អន្តរជាតិ

លោក Chalerm Yoovidhya ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលមួយរបស់ប្រទេសថៃ និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនភេសជ្ជ: Red Bull កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានផ្ទេរភាគហ៊ុន ២% របស់ខ្លួន ឬគិតជាទឹកប្រាក់ប្រហែល ១,១ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនដែលគួរឲ្យទុកចិត្តបានមួយ មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ការផ្ទេរភាគហ៊ុននេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី២០ ខែឧសភាមកម្លេះ ប៉ុន្តែមិនបានបង្ហាញពីមូលហេតុច្បាស់លាស់ ជុំវិញការផ្ទេរនេះនោះឡើយ។

ប៉ុន្តែទន្ទឹមនឹងនេះ បើតាមអ្នកនាំពាក្យរបស់ Red Bull បាននិយាយថា វាហាក់ជារឿងធម្មតា ដែលម្ចាស់ក្រុមហ៊ុនធំៗ ផ្ទេរភាគហ៊ុនរបស់ខ្លួនមួយចំណែកទៅក្រៅប្រទេស ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងភាគជោគជ័យរយ:ពេលវែង។

គួរឲ្យដឹងផងដែរថា លោក Chalerm ទទួលបានភាគហ៊ុនទាំងស្រុង នៅក្នុងក្រុមហ៊ុន Red Bull កាលពីប្រហែល ៤០ឆ្នាំមុន នៅពេលឪពុករបស់លោក គឺជាមហាសេដ្ឋីថៃ Chaleo Yoovidhya បានចាប់ដៃគូជាមួយសហគ្រិនសញ្ជាតិអូទ្រីស លោក Dietrich Mateschitz ដើម្បីជំរុញម៉ាកយីហោនេះ ​ទៅកាន់ទីផ្សារអន្តរជាតិ។

ជម្រាបជូនថា គ្រួសារត្រកូល Yoovidhyas នៅតែបន្តកាន់កាប់ភាគហ៊ុន ៤៩% នៅក្នុងក្រុមហ៊ុន Red Bull ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុប ២៧,៩ពាន់លានដុល្លារ។ ពួកគេ​ត្រូវ​បាន​ទស្សនាវដ្តី Forbes ដាក់​ឈ្មោះ​ថា​ជា​គ្រួសារ​មាន​បំផុត​របស់​ប្រទេស​ថៃ​ ជាមួយ​ទ្រព្យ​សម្បត្តិ​ចំនួន ៣៦ពាន់​លាន​ដុល្លារ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំមុន៕