លោក Chalerm Yoovidhya ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលមួយរបស់ប្រទេសថៃ និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនភេសជ្ជ: Red Bull កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានផ្ទេរភាគហ៊ុន ២% របស់ខ្លួន ឬគិតជាទឹកប្រាក់ប្រហែល ១,១ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនដែលគួរឲ្យទុកចិត្តបានមួយ មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ការផ្ទេរភាគហ៊ុននេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី២០ ខែឧសភាមកម្លេះ ប៉ុន្តែមិនបានបង្ហាញពីមូលហេតុច្បាស់លាស់ ជុំវិញការផ្ទេរនេះនោះឡើយ។
ប៉ុន្តែទន្ទឹមនឹងនេះ បើតាមអ្នកនាំពាក្យរបស់ Red Bull បាននិយាយថា វាហាក់ជារឿងធម្មតា ដែលម្ចាស់ក្រុមហ៊ុនធំៗ ផ្ទេរភាគហ៊ុនរបស់ខ្លួនមួយចំណែកទៅក្រៅប្រទេស ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងភាគជោគជ័យរយ:ពេលវែង។
គួរឲ្យដឹងផងដែរថា លោក Chalerm ទទួលបានភាគហ៊ុនទាំងស្រុង នៅក្នុងក្រុមហ៊ុន Red Bull កាលពីប្រហែល ៤០ឆ្នាំមុន នៅពេលឪពុករបស់លោក គឺជាមហាសេដ្ឋីថៃ Chaleo Yoovidhya បានចាប់ដៃគូជាមួយសហគ្រិនសញ្ជាតិអូទ្រីស លោក Dietrich Mateschitz ដើម្បីជំរុញម៉ាកយីហោនេះ ទៅកាន់ទីផ្សារអន្តរជាតិ។
ជម្រាបជូនថា គ្រួសារត្រកូល Yoovidhyas នៅតែបន្តកាន់កាប់ភាគហ៊ុន ៤៩% នៅក្នុងក្រុមហ៊ុន Red Bull ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុប ២៧,៩ពាន់លានដុល្លារ។ ពួកគេត្រូវបានទស្សនាវដ្តី Forbes ដាក់ឈ្មោះថាជាគ្រួសារមានបំផុតរបស់ប្រទេសថៃ ជាមួយទ្រព្យសម្បត្តិចំនួន ៣៦ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន៕

