ក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) បានបង្ហាញពីបំណងចង់រៀបចំព្រឹត្តិការណ៍សំខាន់មួយជាមួយកម្ពុជា ក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្សីមកកាន់កម្ពុជាឱ្យបានច្រើន ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ីមកលេងកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអម ដោយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ជាមួយ លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) ព្រមទាំងភាគីពាក់ពាក់ព័ន្ធច្រើនទៀត នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ លោកប្រធានក្លឹបការទូតអន្តរជាតិ និងគណៈប្រតិភូ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី ការលើកកម្ពស់មរតកវប្បធម៌ អរិយធម៌កម្ពុជា ការតាំងពិព័រណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ីមកលេងកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនរុស្ស៊ីមានបំណងចង់ស្វែងរកកិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរបន្ថែមទៀតលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត ដែលកម្ពុជាមាន។

សូមបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍រវាងកម្ពុជា-រុស្សី លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ខណៈប្រទេសរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។
រីឯទំនាក់ទំនងសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មកម្ពុជាជាមួយរុស្សីនៅតូចនៅឡើយ ដោយលោក អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងកម្ពុជាដើម្បីវិនិយោគផងដែរ។
រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា ។ បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាគុណបំណាច់ដែលសម្ដេចតេជោបញ្ជាក់ថា កម្ពុជា ចងចាំជានិច្ច ។(នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា)៕

