ឧកញ៉ាចិត្តធម៌ ណូ សុភា (Sophea Böttcher) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

លោកស្រីឧកញ៉ា ណូ សុភា និងស្វាមី លោក UDO BöTTCHER ត្រូវបានគេស្គាល់ថា ជាសប្បុរសជនប្រកបដោយទឹកចិត្ត និងបេះដូងស្រឡាញ់ខ្មែរ បាននិងកំពុងជួយដល់សង្គមជាតិ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា មានដូចជាជួយដល់កុមារកំព្រា ទុរគតជន ជនទីទាល់ក្រ ជួយកងទ័ព ជនភៀសសឹក និងអ្នកមានជីវភាពខ្វះខាតជាបន្តបន្ទាប់។
តាមរយៈការជួយលើកិច្ចការងារសប្បុរសធម៌ជាច្រើន លោកស្រីឧកញ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ ចំពោះការទទួលបានការតែងតាំង ជាទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» គឺជាការផ្ដល់នូវតម្លៃ និងកិត្តិយសបន្ថែមទៀត ជូនលោកស្រី និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងជួយកម្ពុជា ដែលជាមាតុភូមិកំណើតរបស់ខ្លួន។
សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher។ កន្លងមក លោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕



