ឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូវិនិយោគមកពីទីក្រុងសៀងហៃ នៃសាធារណ:រដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បន្ទាប់ពីឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជម្រាបជូនពីសក្តានុពលរបស់ខេត្តរួចមក តំណាងប្រតិភូបានថ្លែងអំណរអរគុណចំពោះឯកឧត្តមបណ្ឌិតដែលបានអនុញ្ញាតជួបសម្តែងការគួរសម ហើយអ្វីដែលក្រុមហ៊ុនបាននិងកំពុងធ្វើនិងពេញចិត្តនោះគឺ វិស័យកសិកម្ម និងឋាមពលអគ្គិសនី (សូឡា) ដែលគ្រោងវិនិយោគទុនប្រមាណ៥០០លានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានយកខេត្តកំពង់ស្ពឺជាចំណុចគោលដៅ និងបានសន្យាគាំទ្រនូវគម្រោងដែលបានរៀបរាប់ខាងលើ។
ខេត្តកំពង់ស្ពឺ ជាខេត្តមួយមានសក្តានុពល ព្រមទាំងមានវត្តមានឧស្សាហកម្មដ៏រឹងមាំរួចហើយ ដោយមានរោងចក្រ និងសហគ្រាសជាង ៤០០ ដែលផ្តល់ការងារជាង ២០ម៉ឺនកន្លែង។ រោងចក្រទាំងនេះ បានស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីខេត្តជុំវិញ ដែលជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀតផងដែរ។
សូមជម្រាបថា កាលខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង ដោយបានជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុនជាច្រើន ពាក់ព័ន្ធនឹងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ។ បន្ទាប់មក នៅខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិនប្រមាណ ៥០ មកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ៕







