អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ឧបត្ថម្ភថវិកា ១២លានរៀល ដើម្បីទ្រទ្រង់ការរៀបចំទីកន្លែងសុវត្ថិភាព និងការដឹកជញ្ជូនពលករ នៅខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ប៊ុន ចន្ធូ បានឧបត្ថម្ភថវិកា ១២លានរៀល ដើម្បីទ្រទ្រង់ការដឹកជញ្ជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ការដឹកជញ្ជូនប្រជាជន និងការរៀបចំទីកន្លែងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅខេត្តកោះកុង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង បានប្រកាសឱ្យដឹង កាលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់អ្នកឧកញ៉ា គឺចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ កន្លងមក អ្នកឧកញ៉ា និងលោកជំទាវ តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ និងកិច្ចការសប្បុរសធម៌ជាច្រើន។

សម្រាប់ក្នុងមូលដ្ឋានខេត្តកោះកុង អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ បានចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដើម្បីជួយជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួល។ នៅខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ ក៏បានប្រកាសស្វែងរកអ្នកជំនាញកែច្នៃវត្ថុអនុស្សាវរីយពីគ្រឿងសមុទ្រ បង្រៀនដល់សហគមន៍កោះស្ដេច រកចំណូលបន្ថែម។

លើសពីនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៣២២,០០០ដុល្លារអាមេរិក ជួយសាងសង់ផ្លូវបេតុងប្រវែងជាង ៣គីឡូម៉ែត្រ និងបំពាក់អំពូលសូឡាចំនួន ១៥៥ដើម នៅលើកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបម្រើដល់ភ្ញៀវទេសចរណ៍ដែលមកទស្សនាលើទឹកដីកោះស្តេចផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែល រីសតស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១.កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕