ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីកំពូលៗរបស់អាមេរិក បានអះអាងថា ពន្ធនាំចូលនឹងត្រូវដំឡើងឡើងវិញ ចាប់តាំពីថ្ងៃទី១ ខែសីហា ដែលជាការពន្យារពេលបីសប្តាហ៍បន្ថែមទៀត បន្ទាប់ពីបានដល់ថ្ងៃផុតកំណត់ លើការពន្យារពេលពីមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutinick កាលពីថ្ងៃទី៦ ខែកក្កដា បានប្រាប់អ្នកយកព័ត៌មានថា ពន្ធនាំចូលកម្រិតខ្ពស់នឹងត្រូវចូលជាធរមានឡើងវិញ នៅថ្ងៃទី១ ខែសីហា។ ការពន្យារពេលបន្ថែមនេះ គឺដោយសារតែប្រធានាធិបតី លោក ត្រាំ នៅតែបន្តកំណត់កម្រិតពន្ធគយ និងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀត។
គួរឲ្យដឹងថាកាលពីដើមខែមេសាកន្លងទៅ លោក ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធគយទៅវិញទៅមក លើប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ ចាប់ពី ១០%-៥០%។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោកក៏បានប្រកាសឡើងវិញថា ពន្ធគយទាំងនេះ នឹងត្រូវពន្យារពេលវិញ ដោយអនុវត្តត្រឹមតែ ១០% ជាបណ្តោះអាសន្នសម្រាប់រយ:ពេល ៩០ថ្ងៃ ដើម្បីទុកពេលដល់ប្រទេសនានា ក្នុងការចរចាជាមួយអាមេរិក។
យ៉ាងណាមិញ ថ្ងៃផុតកំណត់នៃការពន្យារពេលពន្ធគយចាស់ គឺនៅថ្ងៃទី៩ ខែកក្កដា ប៉ុន្តែឥឡូវនេះ លោក ត្រាំ បានប្រកាសថានឹងបន្តពន្យារពេល ៣សប្តាហ៍បន្ថែមទៀត ដើម្បីដោយស្រាយបញ្ហា និងការចរចា។
ទន្ទឹមនឹងនេះ ដោយបានឆ្លើយតបទៅនឹងសារព័ត៌មាន CNN រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Bessent ក៏បានបញ្ជាក់ថា លោក ត្រាំ នឹងផ្ញើការជូនដំណឹងនេះ ទៅកាន់ដៃគូពាណិជ្ជកម្មមួយចំនួន។ ហើយប្រសិនបើគ្មានការចាត់វិធានការណាមួយទេនោះ កម្រិតពន្ធគយនឹងត្រូវអនុវត្តន៍ដូចទៅនឹងកម្រិតដែលត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ពោលគឺចាប់ពីថ្ងៃទី១ ខែសីហា តទៅ។
គួរជម្រាបជូនថា យោងតាមលោក Bessent បានបង្ហាញក្តីសង្ឃឹមថា អាមេរិកអាចនឹងឃើញកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលការចរចាជាមួយសហភាពអឺរ៉ុប (EU) កំពុងដំណើរការទៅបានយ៉ាងរលូន។ លោក Bessent ក៏បានបន្ថែមឲ្យដឹងទៀតថា លោក ត្រាំ ក៏នឹងបន្តផ្ញើលិខិតចរចា ទៅកាន់ប្រទេសប្រហែល ១០០ ដែលមានពាណិជ្ជកម្មតិចតួចជាមួយសហរដ្ឋអាមេរិក ផងដែរ៕

