មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានប្រកាសថាលោកនឹងបង្កើតគណបក្សថ្មីមួយឈ្មោះថា គណបក្សអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលជាបក្សធំជាងគេបំផុតទាំងពីរ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

តាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី៥ ខែកក្កដា លោក Musk បាននិយាយថា ៖” នៅពេលអ្នកចង់បង្កើតគនបក្សនយោបាយថ្មីមួយ អ្នកអាចធ្វើវាបាន។ ថ្ងៃនេះ គណបក្សអាមេរិក គឺត្រូវបង្កើតឡើងដើម្បីធ្វើឲ្យអ្នកមានសេរីភាព”។
រម្លឹកផងដែរថា លោក Musk ធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតសិទ្ធ និងជាអ្នកផ្តល់ជំនួយផ្នែកនយោបាយដ៏ធំបំផុតរបស់លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោត ឆ្នាំ២០២៤។ ហើយមិនតែប៉ុណ្ណោះ លោក Musk ក៏ធ្លាប់បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ និងកម្លាំងការងារ ក្នុងនាមជាប្រធានការិយល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងរយ:ពេលថ្មីៗនេះ ទំនាក់ទំនងរវាងអ្នកទាំងពីរ បានប្រែទៅជាប្រះស្រាំ បន្ទាប់ពីលោក Musk បានបង្ហាញពីការរិះគន់ទៅលើផែនការចំណាយដ៏ច្រើនលើសលប់ ដែលត្រូវបានគេស្គាល់ថា “Big, Beautiful Act”របស់លោកត្រាំ របស់លោក ត្រាំ។
ជាងនេះទៅទៀត លោក Musk ក៏បានរិះគន់ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋចំពោះឱនភាពរដ្ឋាភិបាលដ៏ធំដែលពួកគេបានបង្កឡើងក្រោមការគ្រប់គ្រងរបស់មេដឹកនាំបក្សទាំងពីរ។ មហាសេដ្ឋីរូបនេះ ក៏ធ្លាប់បាននិយាយថា លោកធ្លាប់ចង់បង្កើតគណបក្សអភិរក្សសារពើពន្ធ ដោយមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការចំណាយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ នោះឡើយ។
ជម្រាបជូនផងដែរថា ជុំវិញគោលបំណងបង្កើតបក្សថ្មីនេះ លោក Musk នឹងមិនអាចឈរឈ្មោះជាប្រធានាធិបតី ក្រោមរដ្ឋធម្មនុញ្ញអាមេរិកបានទេ ដោយសារតែរូបលោកកើតនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែការបង្កើតគណបក្សថ្មីនេះ អាចនឹងធ្វើឲ្យគណបក្សសាធារណរដ្ឋ បាត់បង់សម្លេងឆ្នោតយ៉ាងច្រើន៕

