មហាសេដ្ឋី​ Elon Musk ប្រកាសបង្កើតគណបក្សថ្មី​ នៅអាមេរិក​

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ​ បានប្រកាសថាលោកនឹងបង្កើតគណបក្សថ្មីមួយឈ្មោះថា​ គណបក្សអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ​ ដែលជាបក្សធំជាងគេបំផុតទាំងពីរ​ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី៥ ខែកក្កដា លោក Musk បាននិយាយថា ៖” នៅពេលអ្នកចង់បង្កើតគនបក្សនយោបាយថ្មីមួយ អ្នកអាចធ្វើវាបាន។ ថ្ងៃនេះ​​​ គណបក្សអាមេរិក គឺត្រូវបង្កើតឡើងដើម្បីធ្វើឲ្យអ្នកមានសេរីភាព”។​

រម្លឹកផងដែរថា លោក Musk ធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតសិទ្ធ និងជាអ្នកផ្តល់ជំនួយផ្នែកនយោបាយដ៏ធំបំផុតរបស់លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោត ឆ្នាំ២០២៤។ ហើយមិនតែប៉ុណ្ណោះ លោក​ Musk ក៏ធ្លាប់បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ និងកម្លាំងការងារ ក្នុងនាមជាប្រធានការិយល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា​ ក្នុងរយ:ពេលថ្មីៗនេះ​ ទំនាក់ទំនងរវាងអ្នកទាំងពីរ បានប្រែទៅជាប្រះស្រាំ បន្ទាប់ពីលោក Musk បានបង្ហាញពីការរិះគន់ទៅលើផែនការចំណាយដ៏ច្រើនលើសលប់ ដែលត្រូវបានគេស្គាល់ថា “Big, Beautiful Act”របស់លោកត្រាំ របស់លោក ត្រាំ។

ជាងនេះទៅទៀត លោក​ Musk ក៏បានរិះគន់ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ​ចំពោះឱនភាពរដ្ឋាភិបាលដ៏ធំដែលពួកគេបានបង្កឡើងក្រោមការគ្រប់គ្រងរបស់មេដឹកនាំបក្សទាំងពីរ។ មហាសេដ្ឋីរូបនេះ ក៏ធ្លាប់បាន​និយាយ​ថា លោក​ធ្លាប់ចង់​បង្កើត​គណបក្ស​អភិរក្ស​សារពើពន្ធ​​ ដោយ​មាន​ការ​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការ​ចំណាយ ប៉ុន្តែ​មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ​ នោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញគោលបំណងបង្កើតបក្សថ្មីនេះ​ លោក Musk នឹងមិនអាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ ក្រោម​រដ្ឋធម្មនុញ្ញ​អាមេរិក​បាន​ទេ ដោយសារ​តែរូបលោក​កើត​នៅ​អាហ្វ្រិក​ខាង​ត្បូង ប៉ុន្តែ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ អាច​នឹងធ្វើឲ្យ​គណបក្ស​សាធារណរដ្ឋ​​ បាត់បង់សម្លេងឆ្នោតយ៉ាងច្រើន៕