សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅកាន់អ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនោះ លោកអនុរដ្ឋមន្រ្តី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ លោកអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។
ជាមួយគ្នានោះ លោកអនុរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានា ចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ហើយនិងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។
ជាការឆ្លើយតប សម្តេចតេជោបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាមុនគេ នៅឆ្នាំ១៩៨១ ហើយឥណ្ឌាក៏បានផ្តល់ជំនួយឧបត្ថម្ភនានា រួមទាំងស្បៀងអាហារ នៅពេលកម្ពុជាជួបប្រទះការខ្វះខាតនៅដំណាក់កាលនោះ និងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ រួមទាំងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការបញ្ជូនអ្នកបច្ចេកទេសមកជួយជួសជុលប្រាសាទ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ សម្តេចបានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានសក្តានុពលជាច្រើនទៀត។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។ នៅក្នុងបរិបទនេះ សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោបានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ សម្តេចបានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
ជុំវិញការស្នើរបស់សម្តេចទៅអ្នកវិនិយោគឥណ្ឌាលើផលិតផលកសិកម្ម ពិសេសគ្រាប់ស្វាយចន្ទី បើគិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
ថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា នឹងប្រែក្លាយខេត្តកំពង់ធំជា សួនឧស្សាហកម្មស្វាយចន្ទីដំធំចំណុចកណ្តាលរបស់កម្ពុជា ដែលអាចឱ្យកម្ពុជាឈានទៅប្រែក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលខាងមុខផងដែរ៕



