លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំ“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង។


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។
គម្រោងវិនិយោគទាំងនេះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង (ផលិតគ្រឿងសង្ហារិមនិងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនីនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង៧ ខាងលើនេះ នឹងបោះទីតាំងវិនិយោគនៅរាជធានី ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គិតចាប់ពីខែមករា រហូតដល់ខែឧសភា ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ៕



