ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានជំនួបជាមួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ។


នាឱកាសនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីបានស្វាគមន៍វត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ ខណៈលោកក៏បានថ្លែងថា បើទោះបីខ្លឹមសារជំនួបនៅថ្ងៃនេះមិនដូចសព្វដង ប៉ុន្តែនេះជាពេលវេលាដ៏សំខាន់ក្នុងការពន្យល់ដល់បណ្តាអង្គទូតពីការបញ្ជូនបញ្ហាវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ក្នុងជំនួបជាមួយបណ្តាអង្គទូតចំនួន២៧ប្រទេសនោះ លោក ប្រាក់ សុខុន បញ្ជាក់ថា ជំនួបនៅថ្ងៃនេះ គឺជាការបញ្ជាក់ជូនជាផ្លូវការចំពោះដំណើរការនីតិវិធីការតាមផ្លូវតុលាការទៅកាន់តុលាយុត្តិធម៌អន្តរជាតិ ICJ តាមរយៈតំណាងទូតកម្ពុជា ក្នុងការផ្តល់លិខិតផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

សូមជម្រាបថា កាលថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៥ លិខិតផ្លូវការរបស់កម្ពុជាបានដាក់ចូលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជុំវិញចំណាត់ការប្តឹងពីទំនាស់ព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ កាលព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា ការបញ្ជូនសំណុំរឿងនេះ មិនមែនជាការបង្កជម្លោះ ឬសង្គ្រាមជាមួយថៃនោះឡើយ ហើយកម្ពុជា មិនមែនខ្វះអាវុធ និងកម្លាំងវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី នឹងត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ៕ អត្ថបទ៖ ហ្សាលីន