កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនប្រេង PETRONAS GROUP ជាមួយលោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG និងសហការី ប្រកបដោយបរិយាកាសដ៏រីករាយ និងលទ្ធផលគួរជាទីមោទន។
ថ្លែងប្រាប់សារព័ត៌មាន Oknha News លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG មានប្រសាសន៍ថា៖ ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់បន្ថែមថា ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅសកលលោក ហើយម៉ាកសញ្ញាប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាថែមទៀតផង។
នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG សង្កត់ធ្ងន់ថា៖ ក្រោយចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) នេះជាផ្លូវការ ថ្នាក់ដឹកនាំ និងសហការីរបស់ក្រុមហ៊ុន PICG ទាំងអស់ប្ដេជ្ញាថា នឹងបន្តនាំយកនូវប្រេងរំអិលគុណភាពទទួលស្គាល់លំដាប់ពិភពលោកនេះ ចែកចាយបន្តដល់ដៃគូម្ចាស់ដេប៉ូ និងអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ត។ ជាពិសេសសូមអ្នកប្រាស់ កុំបារម្ភរឿងផ្គត់ផ្គង់មិនបានពេញលេញឡើយ បើទោះបីជា ប្រេងរំអិលផ្គត់ផ្គង់ពីប្រទេសផ្សេង ដែលកម្ពុជាធ្លាប់នាំចូល ត្រូវបានរាំងស្ទះដោយបញ្ហាបិទព្រំដែន ឬដោយប្រការណាមួយ ក៏ក្រុមហ៊ុន PICG ធានាថា នឹងសហការក្រុមហ៊ុនប្រេង PETRONAS GROUP ម៉ាឡេស៊ី នាំចូល ចែកចាយបំពេញតម្រូវការរបស់អតិថិជនទូទាំងប្រទេសកម្ពុជា មិនឱ្យខ្វះខាតឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរថែមទៀតផង៕












